ខេត្តកណ្ដាលៈ ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែងនៅក្រុងតាខ្មៅត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលចុះសហការជាមួយនគរបាលក្រុងតាខ្មៅធ្វើករឆែកឆេរកាលពីរសៀលថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោកស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលរួចមកកម្លាំងរបស់លោកបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលនិងដោយមានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលឈានដល់ការបង្ក្រាបឆែកឆេរទីតាំងខាងលើនេះតែម្តង។
អធិការក្រុងតាខ្មៅរូបនេះបានបន្តថាជាលិទ្ធផលកម្លាំងយើងបានរកឃើញម៉ូតូចំនួន២៥គ្រឿងរួចធ្វើការដកហូតយកមកកាន់អធិការដ្ឋាន។នៅរង្វង់ប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំអត់ច្បាប់ខាងលើយកមកសាកសួរដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ