ធ្លាប់ឆក់បាន គ្រានេះភ្លាត់ស្នៀតគេតាមទាន់ចាប់បានវាយឡើងទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ក្នុងចំណោមបីនាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេចហើយ តែរត់មិនរួច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ត្រង់ចំណុចក្បែរសាលាណត់ ប្រ៊ីច តាមបណ្តោយផ្លូវ២០០៤ ស្ថិតសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

ប៉ូលិសប្រាប់ថា៖ ជនសង្ស័យទាំងពីរនាក់ដែលចាប់បាននោះ ១/ឈ្មោះ ត្រាំ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខ របរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះជួល ម្ដុំ​វត្ត​សន្សំ​កុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ​ មានស្រុកកំណើរនៅខេត្តតាកែវ។ ២/ឈ្មោះ លោ បូរ៉ា​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​ភូមិក្រាំងពង្រ ស្រុក​បាទី​ ខេត្ត​តាកែវ​។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង រិទ្ធា ភេទប្រុស អាយុ៣៦ ជាអ្នកបើកបររថយន្តសិនទ្រី ស្នាក់នៅភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

បើតាមសម្តីពីរជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុគាត់បានបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័គីស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-7635 ដោយទើបតែចេញមកពីកន្លែងធ្វើការនៅម្តុំចំការ ដូងហើយបំណងជិះត្រឡប់ទៅផ្ទះវិញ ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូហើយក៏បានដកទូរស័ព្ទមកនិយាយ ខណៈពេលនោះស្រាប់តែលេចមុខក្រុមជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-0828 ជិះមកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន។

ភ្លាមនោះក៏ត្រូវជនរងគ្រោះស្រែកចោរៗ ហើយជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចខាងត្បូងសាលា យ៉ាម៉ាមីកូ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះជួយធ្វើការស្ទាក់ចាប់បានជនសង្ស័យទាំងពីរនាក់ខាងលើនិងស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលអោយជនសង្ស័យម្នាក់រងរបួសបែកក្បាលឈាមហូរស្រោចខ្លួនរួមទាំងដកហូតម៉ូតូមួយគ្រឿង ចំណែកឯជនសង្ស័យម្នាក់ទៀតបានយកទូរស័ព្ទដៃដែលឆក់រត់គេចខ្លួនបាត់ស្រមោល ហើយទូរស័ព្ទរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅម៉ាក ស៉ាំស៊ុយ A9 ។

ក្រោយពេលកើតហេតុជនសង្ស័យទាំងពីរនាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខរងចាំបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print