ភ្នំពេញ៖ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះ សម្រេចឱ្យលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ជាប់ពន្ធនាគារ១៨ខែ ដោយតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់នៅមុននេះបន្តិច ។
គួររំលឹកថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕ចេស្តា