ខ្សឹបដាក់ត្រចៀក ៖ ហួសចិត្តថ្លែងមិនចេញនឹងចរិតកេងប្រវញ្ចរបស់លោកអធិការម៉ក់ ហុង

ចែករំលែក៖

ភ្នំពេញ ៖ នាយ នាយរងនគរបាលស្ទើរទូទាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ម្នាក់ៗនិយាយពីករណី​ហួសចិត្តចំពោះលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ គ្មានចរិកខ្មាស់អៀន គ្មានភាពទទួលខុសត្រូវ ប្រមូលខ្ទេចប្រមូលខ្ទី ខណៈដែលខ្លួនដឹងថា ថ្នាក់លើត្រូវបានផ្លាស់ប្តូរតំណែងពីអធិការនគរបាលខណ្ឌសែនសុខទៅកាន់តំណែងជានាយការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

យ៉ាងតិចរថយន្តចំនួន៤គ្រឿង ដែលសប្បុរសជន ក៏ដូចជាថ្នាក់លើប្រគល់ឲ្យសម្រាប់បម្រើការងារអង្គភាព ត្រូវបានលោកអធិការម៉ក់ ហុង យកទៅប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងនោះ ក៏មានរថយន្តកូរ៉េ១​តោន​កន្លះ១គ្រឿងរបស់សពឧកញ៉ា អ៊ឹង ម៉េងជឺ ក៏លោកអធិការរូបនេះ យកដោយគ្មានភាពខ្មាស់អៀនដែរ ។ មិនតែប៉ុណ្ណោះ អ្វីដែលនគរបាលក្រោមឱវាទហួសចិត្ត ថ្លែងមិនចេញ សឹងតែនិយាយថា ក្នុងលោកទើបតែមានមួយ ដែលកំពូលមហាកេងប្រវញ្ច រិះថាំ សូម្បីតែបន្តិចក៏គ្មានគំនិត ឬបន្សល់នូវចេតនាល្អ សម្រាប់អង្គភាព ក៏ដូចជាមន្ត្រីក្រោមឱវាទមានភាពនឹករលឹកនោះឡើយ ខណៈលោកម៉ក់ ហុង បានបញ្ជាឲ្យដៃជើងរបស់ខ្លួន មករុះរើរោងសម្រាប់ចតម៉ូតូ រថយន្ត ប្រមូលយកសង្កសី និងដែក បង្កឲ្យមានការភ្ញាក់ផ្អើល និងចាត់ទុកថា លោកអធិការរូបនេះកំពូលមនុស្ស។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រហែលជារឿងមិនគប្បីនេះបែកធ្លាយទៅលោកស្នងការជួន សុវណ្ណ ទើបមន្ត្រីនគរបាលក្នុងអធិការឃើញលោកម៉ក់ ហុង យករថយន្ត២គ្រឿងដាក់ជូនអង្គភាពវិញ ហើយកន្លែងរោងម៉ូតូ រថយន្ត ក៏ត្រូវបាន់ប្រក់សង្កសីឡើងវិញ និងមានមន្ត្រីជាច្រើននាក់ ចំអក ជាចំហរ លួចសើច ទាំងទះទ្រូង មិននឹកស្មានទាល់តែសោះថា លោកម៉ក់ ហុង ពិតជាកំពូលមនុស្សខាងប្រមូលខ្ទេចប្រមូលខ្ទី ជំនាញស្ងោសាច់ផុយ តែមិនឲ្យក្តៅទឹក ។

លោកម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ កន្លងទៅបន្សល់ទុកនូវកិត្តិយសអាប់ឱនចំពោះទង្វើមិនគប្បី គ្មានគុណធម៌ ស៊ីដាច់មន្ត្រីរបស់ខ្លួន ជេរប្រមាថ វាយដំទាត់ធាក់ ធ្វើតាមទំនើងចិត្ត អ្វីដែលខ្លួមានកំហឹង ភ្លេចគិតពីសីលធម៌ គុណធម៌ជាថ្នាក់ដឹកនាំ និងជាមន្ត្រីនគរបាលយុត្តិធម៌អនុវត្តច្បាប់នោះទេ។ ចំពោះការជេរប្រមាថ វាយដំទាត់ធាក់ដោយកម្រោលរបស់លោកម៉ក់ ហុងទៅលើកូនចៅ ក៏ត្រូវបានថ្នាក់លើហៅយកទៅសួរនាំ ព្រមានចំនួន២ដងមកហើយ តែគាត់ធ្វើមិនដឹង ធ្វើមិនឮ សំខាន់គិតតែប្រយោជន៍ ទាំងបំពានច្បាប់ និងបន្សល់ទុកនូវ ការរិះគន់ពីមន្ត្រីក្រោមឱវាទ គ្រប់ៗគ្នានូវរឿងអាស្រូវរាប់កញ្ឆេ។

បើតាមការបញ្ជាក់ឲ្យដឹងពីថ្នាក់លើ ក្នុងដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៧ លោកម៉ក់ ហុងនឹងត្រូវប្រកាសចូលកាន់តំណែងជា​នាយការិយាល័យនគរបាលទេសចរណ៍ ដោយឡែកតំណែងអធិការនគរបាលខណ្ឌសែនសុខជំនួសដោយលោកសួរ ម៉េងដាង បច្ចុប្បន្នអធិការរងនគរបាលខណ្ឌមានជ័យ។ ដូច្នេះហើយ លោកម៉ក់ ហុង យល់ឃើញថា តំណែងនាយការិយាល័យ អាចជាកន្ទុយដំរី ខុសពីតំណែងអធិការជាក្បាលមាន់ ទើបគាត់បង្ខំចិត្ត ប្រមូលខ្ទេចប្រមូលខ្ទីសម្ភារនៅក្នុងអង្គភាពយកទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយអ្វីដែលហួសចិត្ត ថ្លែងសឹងមិនចេញនោះ ត្រង់លោកម៉ក់ ហុង ប្រមូលយកតាំងពីសង្កសី ដែក ដែលជាដំបូលរោងសម្រាប់ចតម៉ូតូ រថយន្ត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print