ចៅក្រម​ស៊ើបសួរ​ លោក​ស្រី​ ពេជ្រ ម៉ារ៉ែន​ ដោះលែង​ នាយកសាខាក្រុមហ៊ុនមិត្ដហ្វូប្រចាំខេត្តកណ្តាល និងមេ​ការ​ជនជាតិ​វៀតណាម​៣នាក់​ទៀត​នៅក្រៅឃុំ ករណីជំនួញ​ឈើ​គ្រញូង​ជាង​៣តោន​ នៅ​ក្រុង​តាខ្មៅ​

ចែករំលែក៖

ខេត្តកណ្ដាល​ ៖ ជំនួញ​ឈើ​គ្រញូង​ជាង​៣តោន​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ក្រុង​តាខ្មៅ​ ឈាន​ដល់​ការ​ឃាត់​មនុស្ស​១៩នាក់​ តែ​មាន​តែ​មនុស្ស​៤នាក់​ប៉ុណ្ណោះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ​ ដើម្បី​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។​ ក្រោយ​ឃុំ​ខ្លួន​ត្រឹម​១២ថ្ងៃ​ប៉ុណ្ណោះ​ លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ដោះលែង​ នាយកសាខាក្រុមហ៊ុនមិត្ដហ្វូប្រចាំខេត្តកណ្តាល និងមេការ​ជនជាតិ​វៀតណាម​បីនាក់​ទៀត​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ថា​ ជនត្រូវចោទ​ទាំង​៤នាក់​ឈ្មោះ​ ដូ​ យ៉ាំង​ឡាំ​ ឈ្មោះ​ លួង​ ចន្ធី​ ឈ្មោះ​ ដាំង​ យាំ​តាំ​ និង​ ឈ្មោះ​ ឱម​ តុលា​រតន៍​ ត្រូវ​បាន​លោក​ស្រី​ ពេជ្រ ម៉ារ៉ែន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចេញ​ដីកា​សម្រេច​អនុញ្ញាត​ឱ្យ​ជនត្រូវចោទ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​​ តាម​រយៈ​ដីកា​លេខ​២៩៣០​ ដកសក្រឃ​​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ។

ជនត្រូវចោទ​ទាំង​៤នាក់​​ ត្រូវ​បាន​លោក​ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​​ពី​បទ​”ប្រមូល​ផល​ អនុផល​ព្រៃឈើ​ប្រភេទ​មាន​ដោយ​កម្រ​ (គ្រាក់​ ក្រញូង​)ប្រព្រឹត្ត​នៅ​ភូមិ​តាក្តុល​ សង្កាត់​តាក្តុល​ ក្រុង​តាខ្មៅ​ កាលពី​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ តាម​មាត្រា​៩៨នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ ។

ប្រភព​ព័ត៌មាន​ បន្តថា​ ដោយ​ឡែក​ម្ចាស់​ទីតាំង​ឈ្មោះ​អ៊ី​ ស្រុន​ ភេទ​ប្រុស​ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទេ​ ដោយសារ​តែ​រក​ពុំ​ទាន់​ឃើញ​បទល្មើស​ ។​ ប៉ុន្តែ​ តុលាការ​កំពុង​បន្ត​នីតិវិធី​ ហើយ​បើ​រក​ឃើញ​ថា​ ម្ចាស់ផ្ទះ​​មាន​ជាប់​ពាក់ព័ន្ធ​ តុលាការ​នឹង​មាន​ចំណាត់​ការ​បន្ត​ទៀត​ ។

ឈើ​ក្រញូង​រាប់ពាន់​កំណាត់ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បង្ក្រាបបាន​នៅក្នុង​ផ្ទះ​ទីតាំង​ស្តុក​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​តា​ក្ដុល​ត្បូង​សង្កាត់​តា​ក្ដុល ក្រុ​តាខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

​លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល​បានឱ្យដឹងថា​ផ្ទះ​ស្តុក​ឈើ​ក្រញូង​ខាងលើ មាន​ម្ចាស់ ផ្ទះ​ឈ្មោះ អ៊ី ស្រុ​ន ភេទ​ប្រុស ជួល​ផ្ទះ ទៅឱ្យ​ក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់​សម្ភារៈ ផ្សេងៗ និង​ស្តុក​ឈើ ។

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​នៃ​អធិការ​ក្រុង​តាខ្មៅ ដោយមាន​ការសម្របសម្រួល​ពី​លោក​ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​ខេត្តកណ្តាល​។

កម្លាំង​បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ស្តុក​ឈើរ​ខាងលើ រក​ឃើញ​ឈើ​ក្រញូង​ជាច្រើន​ពាន់​កំណាត់ ផ្ទុក​ក្នុង​រថយន្ត ពីរ គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ និង​ម៉ាក​កាមរី និង​ឈើ​ក្រញូង​ ច្រក ក្នុង​បាវ​ជាច្រើន បាវ និង​បាន​ឃាត់ខ្លួន មនុស្ស​១៩នាក់ ក់ មក​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រក​ម្ចាស់​ឈើ​ខាងលើនេះ ។

​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ចាប់​រថយន្ត​ដឹកឈើ​ក្រញូង​ខាងលើ​ដែល​កំពុងបើក​តាមផ្លូវ​ជាតិ ពេលនោះ គឺ​កម្លាំង​បាន​តាម​រថយន្ត​ខាងលើ​រហូត ដល់​រថយន្ត​នោះ​បើ​ចូល​ផ្ទះមួយ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១១៥ និង​បាន​បិទទ្វា​រផ្ទះ​ជិត​។​ភ្លាមនោះ លោក​ក៏បាន​សុំ​គោលការណ៍ ធ្វើការ​ឆែកឆេរ ភ្លាមៗ រកឃើញ​ឈើ​ក្រញូង​ជាច្រើន​ពាន់​កំណាត់ ។

លោក​បញ្ជាក់ថា ឈើ​ទាំងនោះ និង​រថយន្ត​ត្រូវបាន ប្រគល់ឱ្យ​សង្កាត់រដ្ឋបាល ព្រៃឈើ​តាខ្មៅ សរុប​ចំនួន​៣.៣០៥ គីឡូក្រាម ដើម្បី យកទៅ​រក្សាទុក និង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ដោយ:ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print