ខេត្តកណ្ដាល ៖ ជំនួញឈើគ្រញូងជាង៣តោន ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅក្រុងតាខ្មៅ ឈានដល់ការឃាត់មនុស្ស១៩នាក់ តែមានតែមនុស្ស៤នាក់ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ក្រោយឃុំខ្លួនត្រឹម១២ថ្ងៃប៉ុណ្ណោះ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែង នាយកសាខាក្រុមហ៊ុនមិត្ដហ្វូប្រចាំខេត្តកណ្តាល និងមេការជនជាតិវៀតណាមបីនាក់ទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ថា ជនត្រូវចោទទាំង៤នាក់ឈ្មោះ ដូ យ៉ាំងឡាំ ឈ្មោះ លួង ចន្ធី ឈ្មោះ ដាំង យាំតាំ និង ឈ្មោះ ឱម តុលារតន៍ ត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ចេញដីកាសម្រេចអនុញ្ញាតឱ្យជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន តាមរយៈដីកាលេខ២៩៣០ ដកសក្រឃ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ជនត្រូវចោទទាំង៤នាក់ ត្រូវបានលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការស៊ើបសួរពីបទ”ប្រមូលផល អនុផលព្រៃឈើប្រភេទមានដោយកម្រ (គ្រាក់ ក្រញូង)ប្រព្រឹត្តនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមមាត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។
ប្រភពព័ត៌មាន បន្តថា ដោយឡែកម្ចាស់ទីតាំងឈ្មោះអ៊ី ស្រុន ភេទប្រុស ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ដោយសារតែរកពុំទាន់ឃើញបទល្មើស ។ ប៉ុន្តែ តុលាការកំពុងបន្តនីតិវិធី ហើយបើរកឃើញថា ម្ចាស់ផ្ទះមានជាប់ពាក់ព័ន្ធ តុលាការនឹងមានចំណាត់ការបន្តទៀត ។
ឈើក្រញូងរាប់ពាន់កំណាត់ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាននៅក្នុងផ្ទះទីតាំងស្តុកមួយកន្លែង តាមបណ្តោយផ្លូវលេខ១១៥ ស្ថិតក្នុងភូមិតាក្ដុលត្បូងសង្កាត់តាក្ដុល ក្រុតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឱ្យដឹងថាផ្ទះស្តុកឈើក្រញូងខាងលើ មានម្ចាស់ ផ្ទះឈ្មោះ អ៊ី ស្រុន ភេទប្រុស ជួលផ្ទះ ទៅឱ្យក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់សម្ភារៈ ផ្សេងៗ និងស្តុកឈើ ។
ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើខាងលើ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញនគរបាលនៃអធិការក្រុងតាខ្មៅ ដោយមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល។
កម្លាំងបានចុះឆែកឆេរលំនៅដ្ឋានស្តុកឈើរខាងលើ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ផ្ទុកក្នុងរថយន្ត ពីរ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ និងម៉ាកកាមរី និងឈើក្រញូង ច្រក ក្នុងបាវជាច្រើន បាវ និងបានឃាត់ខ្លួន មនុស្ស១៩នាក់ ក់ មកសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីរកម្ចាស់ឈើខាងលើនេះ ។
សមត្ថកិច្ចបានតាមប្រមាញ់ចាប់រថយន្តដឹកឈើក្រញូងខាងលើដែលកំពុងបើកតាមផ្លូវជាតិ ពេលនោះ គឺកម្លាំងបានតាមរថយន្តខាងលើរហូត ដល់រថយន្តនោះបើចូលផ្ទះមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១១៥ និងបានបិទទ្វារផ្ទះជិត។ភ្លាមនោះ លោកក៏បានសុំគោលការណ៍ ធ្វើការឆែកឆេរ ភ្លាមៗ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ។
លោកបញ្ជាក់ថា ឈើទាំងនោះ និងរថយន្តត្រូវបាន ប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើតាខ្មៅ សរុបចំនួន៣.៣០៥ គីឡូក្រាម ដើម្បី យកទៅរក្សាទុក និងបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ:ឆ ដា