ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទយីឌុបភ្លៅ៥ ១គ្រឿងបានរេចង្កូតបុករះជាបន្តបន្ទាប់បណ្ដាលឲ្យរបួសស្រាល ០៣នាក់ ត្រូវបានគេសង្ស័យរថយន្តបង្កបើករក្នុងស្ថានភាពងងុយដេក។
ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៨ និង៤០ នាទីព្រឹក ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុលើកឡើងស្រឌៀងៗថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក នីសាន់ ប្រភេទយីឌុបភ្លៅ៥ ពណ៏បៃតង ពាក់ស្លាកលេខ បាត់ដំបង 3A 0551 ធ្វើចរាចរណ៍ពីលិចឆ្ពោះទៅទិសខាងកើត ។លុះមកដល់ចំណុចកើតហេតុបានរេចង្កូត បុករះរថយន្តសឺរទែនប្រេងឥន្ទនៈក្រុមហ៊ុន(តេលា)ពាក់ស្លាកលេខ ភ្នំពេញ 3D 9545 ខណៈកំពុងធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នា(កើតទៅលិច) បង្កបន្តទៅកៀររថយន្តប្រភេទ ២កិបម៉ាក ហ្វតរ៉េនជ័រ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AB 9066 ដែលកំពុងចតស្ងៀម រួចហើយបន្តទៅបុករថយន្ត ១គ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B 0557 ពេញទំហឹងបណ្ដាលឲ្យបុើងទៅបុករថយន្តម៉ាក នីសាន់ណាវ៉ារ៉ា ចង្កូតឆ្វេង ប្រភេទ ២កិប ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 8984 ទើបអស់ខ្យល់ទៅមុខលែងរួចដែលកំពុងធ្វើដំណើរច្រាសទិសគ្នា(ពីកើតទៅលិចដែរនោះ)។
ប្រភពព័ត៌មានខាងលើបន្តថា ករណីនេះបង្កឡើងដោយរថយន្តប្រភេទ(យីឌុបភ្លៅ៥) ដែលធ្វើចរាចរណ៍ពីលិចឆ្ពោះទៅទិសខាងកើត សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក ខណៈរេចង្កូតមកបុករះទាំងកម្រោលជាបន្តបន្ទាប់បែបនេះនោះ បើសិនជាគ្មានរថយន្តក្រុមហ៊ុន(តេលា)ពាំងទេនោះ រថយន្តបង្កអាចកិនកង់ឬម៉ូតូ និងរថយន្តប្រភេទទេសចរណ៍ រួចធ្លាក់ចូលស្នាមភ្លោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរជាងនេះកថាបាន។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ទោសជាយ៉ាងណាក្តីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនេះ មិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែរបួសស្រាលៗប្រមាណចំនួន ៣នាក់ប៉ុណ្ណោះ និងខូចខាតរថយន្តចំនួន ៥គ្រឿង ហើយមន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោកកំពុងសម្រួលចរាចរណ៍ និងចាត់ចែងតាមបច្ចេទេសនៅឡើយ៕ ប៉ឹម ពិន