ភ្នំពេញ ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ ជំនុំជម្រះរឿងក្តីលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ពាក់ព័ន្ធបទល្មើសប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨។សវនាការនេះមានការយាមកាមយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមានសមត្ថកិច្ច ។
ចន្លោះពេលនេះ សាច់ញាតិជនជាប់ចោទ សុំឱ្យសម្តេចតេជោជួយរកយុត្តិធម៌ផង ដោយសាររូបគេពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ គ្រួសារជនជាប់ចោទរូបនេះ អះអាងថា រឿងក្តីមួយនេះមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា មួយរូបគត់ដែលអាចស្វែងរកពន្លឺយុត្តិធម៌បាន។
ជនជាប់ចោទក្នុងរឿងក្ដីនេះមានបីនាក់ គឺ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក លី រ៉ាស៊ី អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង លោក ផេង ផៃ អតីតប្រធានការិយាល័យជនបរទេសនៃស្នងការក្រុងភ្នំពេញ ។
សាច់ញាតិជនជាប់ចោទឈ្មោះ លី រ៉ាស៊ី អះអាងថា លី រ៉ាស៊ី ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ អ្វីៗទាំងអស់សុទ្ធតែជាការទម្លាក់កំហុស ។ ពួកគេសង្ឃឹមថា តុលាការកំពូល ជាពិសេសសម្តេចតេជោហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ជួយលី រ៉ាស៊ី បាន ។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ជាតំណាងមហាអយ្យការ ។
រឿងក្ដីនេះ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសក្រុមជនជាប់ចោទដាក់ពន្ធនាគារចន្លោះពី១៦ឆ្នាំទៅ១៨ឆ្នាំនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ”ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន”ប្រព្រឹត្តនៅចំណុចវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨។
តាមអង្គហេតុ គឺ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨ មានជនប្រដាប់អាវុធពីរនាក់ បាញ់ប្រហារលើឧកញ៉ាថុង អ៊ុយប៉ាង ក្នុងកម្មវិធីបុណ្យនៅវត្ត ទឹកថ្លា ត្រូវចំពីរគ្រាប់របួស តែអង្គរក្សលោកបានបាញ់តត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេង។ ក្រោយមក ពុំទាន់មានការចាប់ខ្លួនជនល្មើសទេ។
សាច់ញាតិជនជាប់ចោទ លី រ៉ាស៊ី បន្តថា រហូតលោកហេង ពៅ មានទំនាស់ជាមួយថ្នាក់លើ ទើបគេទម្លាក់កំហុសមកលើ លី រ៉ាស៊ី និងចាប់ខ្លួន តែម្តង ។
ចំណែក រឿងមួយទៀត គឺ ការអនុវត្តគោលនយោបាយកណ្តាប់ដៃដែករបស់សម្តេច ក៏មានអ្នកចោទប្រកាន់ទម្លាក់កំហុស ថា លី រ៉ាស៊ី បង្ខាំងមនុស្សខុសច្បាប់ផងដែរ តែតាមពិត លី រ៉ាស៊ី ពុំបានប្រព្រឹត្តឡើយ។
ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ និង កូនចៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕ ចេស្តា
...