ខេត្តកណ្ដាល ៖ ប្រធានក្រុមហ៊ុនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ស៊ី អិល ជ្រើសរើស បណ្ដុះបណ្ដាល និង បញ្ជូនសិក្ខាកាមទៅកម្មសិក្សានៅប្រទេសជប៉ុន ដែលហ៊ានគំរាមសម្លាប់ស្ត្រីម្នាក់ ឥឡូវប្រឈមមុខផ្លូវច្បាប់ហើយ ដោយដើមបណ្ដឹងសំណូមពរឱ្យស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ កុំមានការលើកលែង។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានកោះហៅឈ្មោះ ឆៀង ឆុម អាយុ៤១ឆ្នាំ មានទីលំនៅភូមិមរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ខាងមុខនេះពីដំណើររឿង”គំរាមកំហែងថានឹងសម្លាប់” ស្ត្រីម្នាក់ឈ្មោះ សុខ សោភ័ណ្ឌ ។
មាត្រា២៣៣នៃច្បាប់ក្រមព្រហ្មទណ្ឌ ចែងថា”ការគំរាមកំហែងថានឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើឡើងម្តងហើយម្តងទៀតឬសម្តែងចេញតាមលិខិត រូបភាព ឬ វត្ថុអី្វមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល “។
ពាក់ព័ន្ធករណីនេះ លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹង អះអាងថា ពេលសមត្ថកិច្ចចាប់ខ្លួន អៀត សារឹម បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គេឃើញវត្តមានបុរសម្នាក់ឈ្មោះ ឆៀង ឆុម និយាយគំរាមជាច្រើន និងស្រែកឡូឡា ជុំវិញការចាប់ខ្លួន អៀត សារឹម ។
ប្រធានក្រុមហ៊ុនរូបនេះ គំរាម ដើមបណ្ដឹង ថា ចាំជួបគ្នានៅសាលាឧទ្ធរណ៍ ម្តងទៀត ហើយនឹងធ្វើឱ្យដើមបណ្ដឹង ជាប់គុកម្តង និង ពាក្យប្រមាថអាយុជីវិតមួយចំនួនទៀត ។ ទង្វើពាលនេះ ត្រូវបានលោកស្រី សុខ សោភ័ណ្ឌ អះអាងថា ពុំមានការខ្លាចញញើតឡើយ ហើយសង្ឃឹមថា តុលាការ នៅតែផ្ដល់ភាពយុត្តិធម៌ដល់លោកស្រី ។
ទោះបីយ៉ាងណា នៅថ្ងៃទី៣០ ខែវិច្ឆិកា ពុំទាន់អាចស្វែងរកប្រភពព័ត៌មាន ទាក់ទងប្រធានក្រុមហ៊ុនរូបនេះ ជុំវិញការការចោទប្រកាន់ពីសំណាក់ដើមបណ្ដឹង បាននៅឡើយទេ ៕(ដោយ:ឆ ដា)