ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងបានប្រតិបត្តិការណ៍ចុះបង្ក្រាបករណីជំនួញជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ដោយនាំចេញពីឡាវចូលមកកម្ពុជាក្នុងស្រុកសៀប៉ាង បានចាប់ដកហូតបានគ្រឿងញៀនចំនួន២បញ្ចប់ធំ មានទម្ងន់ ជិត២គីឡូក្រាម រួមនិងឃាត់ខ្លួនជនសង្ស័យបុរសជាតិឡាវម្នាក់កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេនៃ កោះឫស្សី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយត្រី សាន់ និមល ស្នងការរងទទួលផែនបទល្មើសគ្រឿងញៀននៃស្នងការខេត្តស្ទឹងត្រែង បានប្រាប់កាលពីវេលាម៉ោង១១និង៦នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនោះមានឈ្មោះ ស៊ី រិញ៉ាក់ វង្សប៉ក់ មានអាយុ២៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិ ម៉ាក់ខ្ញៀវ ស្រុកប៉ាក់ង៉ើម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។ ហើយក៏បានដកហូតយកបានវត្ថុតាង គ្រឿង ញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ice)ម្សៅក្រាមពណ៌សថ្លា ២កញ្ចប់ធំ មានទម្ងន់ស្មើនិង ១៩៩៨.៧ក្រាម ជិត២គីឡូក្រាម ។
លោកបានប្រាប់បន្តថា នៅខណៈនេះជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងរៀបចំចងក្រងកសាងសំណុំរឿងពីមន្ត្រីនគរបាលជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ។ លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើនោះ ជាមុខសញ្ញាថ្មី ដោយខាងកម្លាំងរបស់លោក បានធ្វើការទាក់ទាញដើម្បីស្វែងរកមេឈ្មួញដែលជាមេខ្លាំងធំៗនៅក្នុងប្រទេសឡាវ តែយើងចាប់បានជនសង្ស័យសីុឈ្នួលកាន់គ្រឿងញៀនឱ្យមេខ្លាំងគ្រឿងញៀនធំៗតែប៉ុណ្ណោះ។ គ្រឿងញៀនទាំងអស់សុទ្ធតែនាំយកមកពីប្រទេសឡាវ ដោយដឹកជញ្ជូនយកមកលក់នៅក្នុងប្រទេសរបស់យើង ពីក្រុមមេខ្លាំងធំៗទាំងនោះ ដែលគេមានលុយ បានប្រើអ្នកសីុឈ្នួលមិនបានចេញមុខដោយខ្លួនឯងនោះទេ វាមិនងាយស្រួលឡើយ ក្នុងការចាប់ខ្លួន របស់មេខ្លាំងគឿងញៀនធំៗនៅក្នុងប្រទេសឡាវ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនោះគឺស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយទេដោយឥឡូវនេះនៅកំពុងតែឱ្យមន្ត្រីជំនាញរបស់លោកសាកសួរនិងរៀចំកសាងសំណំុរឿងរួចនិងត្រៀមបញ្ជូនខ្លួនបន្តទៅកាន់តុលាការសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់ ៕ មាស សុផាត