ខេត្តពោធិ៍សាត់៖ ទីបំផុតជនជាតិវៀតណាមម្នាក់បានស្លាប់នៅលើរថយន្តលើកំណាត់ផ្លូវជាតិលេខ៥ នៅគ្រាដែលក្រុមគ្រួសារសាច់ញាតិបានព្យាយាមបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈរងរបួសត្រូវគ្រាប់កាំភ្លើងរបស់ក្រុមប្រដាប់អាវុធបាញ់ នៅលើផ្ទៃទឹកបឹងទន្លេសាប ដោយគ្មានមូលហេតុច្បាស់លាស់។
ហេតុការណ៍បាញ់បោះសេរីពីសំណាក់ក្រុមជនប្រដាប់ដោយអាវុធខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិលនិយាយថា៖ ជនរងគ្រោះដោយគ្រាប់កាំភ្លើង(អាកា)ឈ្មោះ ហូ យុាំទឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ។
ក្នុងរបាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញកាណូតសំបកស្មាច់បំពាក់ដោយម៉ាសុីនម៉ាក ហាយឡែនឌ័រ ១គ្រឿង មានមនុស្សចំនួន ៥នាក់មានមន្រ្តីអិនជីអូផងមានកម្លាំងប្រដាប់អាវុធ(យោធា)ផង បានបើកចេញពីភូមិកោះក្អែក(កន្លែងកើតហេតុ)សំដៅទៅវាល(កណ្ដាលទន្លេ) ហើយបានឃើញបើកដេញកាណូតជនរងគ្រោះ(ហូ យាំុងទឹង)មានផ្ទុះអាវុធផង រហូតដល់ផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបរបស់ជនរងគ្រោះ បានផ្ទុះអាវុធចំនួន ២គ្រាប់ទៀតបណ្ដាលចំស្មាខាងស្ដាំផ្នែកខាងក្រោយ ១គ្រាប់(បៀម)របួសធ្ងន់ រួចក៍នាំគ្នាបើកកាណូតចេញទៅទិសឥសាន្តសំដៅទៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបាត់ទៅ ។
ចំណែកជនរងគ្រោះ(ហូ យាំុងទឹង)ក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យបង្អែកស្រុកក្រគរ រួចបន្តទៅខេត្តពោធិ៍សាត់ទៀត តែដោយធ្ងន់ធ្ងរពេកក៍បញ្ជូនបន្តទៅឯរាជធានីភ្នំពេញ ជាអកុសលក៍បានដាច់ខ្យល់ស្លាប់នៅម្តុំព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺយ៉ាងអាណោចអាធ័មបាត់ទៅ។
ប្រភពពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរក៍បានឲ្យដឹងដែរថា៖ ករណីខាងលើប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធចុះស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនប្រដាប់ដោយអាវុធទាំងនោះ ហើយបានសហការជាមួយកម្លាំងប្រដាប់អាវុធខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ចុះស្រាវជ្រាវដោយតាមប្រផាប់ចាប់ប្រភីងជាមួយកាណូតក្រុមជនបាញ់បោះ នៅម្ដុំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរហូតទល់កប់ព្រលប់ លទ្ធផល៖ ក្រុមជនសង្ស័យបាននាំគ្នាហក់ចូលទឹកបឹងទន្លេសាបចូលព្រៃបាត់អស់ បន្សល់នូវវត្ថុតាងកាណូត,ឯកសារពាក់ព័ន្ធ,ឯកសដ្ឋានយោធាមួយចំនួន ទើបកម្លាំងសម្រេចដកថយ និងនាំយកនូវកាណូតជនសង្ស័យទៅរក្សាទុក ដើម្បីបន្តនីតិវិធីនៅស្នាក់ការសន្តិសុខជើងទឹកB 06 នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតម៉ោងនេះករណីបាញ់បោះបណ្ដាលឲ្យមានមនុស្សស្លាប់ គ្មានមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែសមត្តកិច្ចខ្លះសន្តិដ្ឋានប៉ុប៉ងមនុស្សឃាត(គំនំ) តែប្រភពផ្សេងនិយាយថាអាចជាករណីដេញបង្រ្កាបបទល្មើសនេសាទច្រើនជាង៕ ដោយ៖ បុឹម ពិន