ភ្នំពេញ ៖ ក្នុងវគ្គអប់រំផ្សព្វផ្សាយមួយស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការ ការពារ អ្នកប្រើប្រាស់ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បានធ្វើការអង្វរដោយទទូច ដល់ក្រុម អាជីវករ ដែលជាអ្នកចែកចាយ អ្នកផលិត អ្នកនាំចូល ម្ហូបអាហារទាំងអស់ ក្នុងខណ្ឌ ទួលគោករាជធានីភ្នំពេញ មេត្តាចូលរួម ចំណែកជាមួយសមត្ថកិច្ច ក្នុងការការពារ សុខភាពសារធារណៈ ដែលក្នុងនោះ មាន កូនយើង ក្មួយយើង ចៅយើង ទាំងអស់គ្នា ឲ្យគេចផុត ពីការចម្លងជំងឺដែលបង្កឡើង ដោយម្ហូបអាហារពុំមានសុវត្ថិភាព។
បន្ថែមលើនេះលោក ពេញ ធារម្យ ក៏បានស្នើសុំឲ្យអ្នករកទទួលទានបានកម្រៃពីម្ហូប អាហារ ទាំងអស់ មេត្តាកុំគិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវតែទទួលខុស ត្រូវចំពោះមុខច្បាប់ ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសម្ហូប អាហារផងដែរ។
លោក ពេញ ធារម្យ ក៏បានពញ្ញាក់ដល់សិក្ខាកាមទាំងអស់ក្នុងវគ្គផ្សព្វផ្សាយផងដែរថា យើងគ្រប់ៗគ្នាសុទ្ធតែបានទទួល ពត៌មាននិងតួលេខស្លាប់និងរងរបួស នៃ ឧប្បតិ្តហេតុនៃការធ្លាក់យន្តហោះគ្រោះ ថ្នាក់រញ្ជួយផែនដីគ្រោះថ្នាក់គ្រោះទឹក ជំនន់ ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សនិង របួសរាប់រយនាក់ និងឈានដល់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែតើមានប្រជា ជនយើង ប៉ុន្មាននាក់បានដឹងឬនៅថា យោងតាមតួលេខរបស់អង្គការថ្មីៗនេះ ជារៀងរាល់ឆ្នាំ មានមនុស្សរហូតដល់ ២៣០.០០០នាក់ ដែលក្នុងនោះមានក្មេង ក្រោមអាយុ៥ឆ្នាំ ៩៦.០០០នាក់ស្លាប់ ហើយមនុស្ស៥៥០.០០០.០០០ នាក់ ដែលក្នុងនោះមានក្មេងអាយុក្រោម៥ឆ្នាំ ចំនួន ២២០.០០០.០០០ នាក់ មានជំងឺរាតត្បាត ដោយសារម្ហូបអាហារពុំមានសុវត្ថិភាព ? នេះជាទិន្ន័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលអាចវាស់ពីសារសំខាន់ប្រកបដោយសក្តានុពលរបស់វគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព ម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើ ប្រាស់ក្នុងព្រឹកនេះ។
ប្រធានបទសម្រាប់វគ្គផ្សព្វផ្សាយនេះរួមមានប្រព័ន្ធសុវត្ថិភាពម្ហូបអាហារអភិក្រមពីកសិដ្ឋានដល់តុបរិភោគក្រោមវិធានការគ្រប់គ្រង ជាក់លាក់ តាមដំណាក់កាលនិមួយៗនៃខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ , កត្តា និង ប្រភពចម្លងនានា ចំពោះម្ហូបអាហារ រួម ទាំងហានិភ័យ ដែលអាចកើតមានដល់អ្នក ប្រើប្រាស់ , ច្បាប់ និងវិធានការដែលត្រូវ អនុវត្ត ក្នុងការត្រួតពិនិត្យ ទប់ស្កាត់និង បង្រ្កាប ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយកត្តាចម្លងក៏ដូចជាកត្តាគ្រោះថ្នាក់ឲ្យនៅទាបបំផុត,សារៈសំខាន់ របស់សារធាតុអីុយ៉ូត ក្នុងអំបិលអុីយ៉ូត។
លោកប្រធានសាខា ក៏បានមាន ប្រសាសន៍ ផងដែរថា ការទទួលបានប្រកបដោយវិទ្យាសាស្ត្រអំពីសុវត្ថិភាពម្ហូបអាហារ និងការយល់ច្បាស់អំពីកិច្ចធានាសុវត្ថិ ភាពម្ហូបអាហារជាភារកិច្ចរបស់យើង គ្រប់ៗគ្នា មិនចំពោះបុគ្គលណាមួយ ឬភាគីណាមួយនោះឡើយ។ វេទិកាថ្ងៃ នេះ គឺជាសក្ខីភាពនៃការយល់ដឹងអំពីការ រួមគ្នាអភិវឌ្ឍ សង្គមជាតិ តាមរយៈលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដែលជាអាទិភាពទិមួយក្នុងអទិភាពទាំង១២ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលយើង។
លោកប្រធានបានបន្តថា ការគាំទ្រ និងកិច្ចសហការរវាងសាលាខណ្ឌទួល គោក រាជធានីភ្នំពេញនឹងអគ្គនាយកដ្ឋានកាំកុងត្រូលនៅពេលនេះមិនមែនជាចំណុចចាប់ផ្តើមទេ តែវានឹងមានជាបន្តបន្ទាប់ តទៅទៀត នៅទីនេះនៅកន្លែងផ្សេង និងនៅពេលវេលាផ្សេងទៀត។
លោកស្រី ព្រំ រដ្ឋា អភិបាលរងខណ្ឌទួល គោក ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីនេះដែរ មានប្រសាសន៍ថា សិក្ខាសាលា មួយនេះបានធ្វើឲ្យអ្នកចូលរួមដែលភាគច្រើន ជាអាជីវករ លក់ដូរនៅទីផ្សារយល់ ដឹងកាន់តែច្បាស់ពីការវេចខ្ចប់ការទុកដាក់ ម្ហូប អាហារ ការចេះបែងចែកនិងបញ្ឈប់នូវការប្រើប្រាស់សារធាតុគីមីដែលបានហាមឃាត់ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាចុងក្រោយលោកស្រី ក៏បានសម្ដែង នូវភាពសប្បាយចិត្តដែលបានប្រារព្ធនូវ កម្មវិធីអប់រំផ្សព្វផ្សាយនេះឡើង ហើយ លោក ស្រីក៏សង្ឃឹមថា នឹងមានសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ ដើម្បីផ្ដល់បន្ថែម នូវចំណេះដឹងអំពី សុវត្ថិភាពម្ហូបអាហារ ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោកស្រី ។
យោងទៅតាម មាត្រា ៦១, ៦២, ៦៣ និង៦៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណ ភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវា អ្នកប្រព្រឹត្តបទល្មើសម្ហូបអាហារ ត្រូវទទួលពិន័យផ្នែក រដ្ឋប្បវេណី ជាទឹក ប្រាក់ ចាប់ពី ៥ សែន ដល់ ១០ លានរៀល និងទោសទណ្ឌព្រហ្មទណ្ឌ ដោយត្រូវជាប់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ ហើយបើ ពុំរាងចាលទេ នោះត្រូវទទួលទោសទ្វេដង៕ ស តារា