ជនជាតិថៃ៩នាក់ ត្រូវបានសមត្ថកិច្ចរំដោះខ្លួន ក្រោយពីជន ជាតិតៃវ៉ាន់២នាក់និងម៉ាឡេស៊ីម្នាក់ចាប់បង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និង អាជ្ញាធរសង្កាត់បឹងកក់ទី២ បានសហការ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ក្រោមកិច្ចសម្របសម្រួលពីលោក ហុឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមាន ការចូលរួមពីលោក ឡេង ណាង ជាក្រឡា បញ្ជីអមផង នាយកដ្ឋានព្រហ្មទណ្ឌដឹកនាំ ដោយលោកឧត្ដមសេនីយ៍ទោ ង៉េង ជូ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងលោក ជាវ វិបុល ប្រធានការិយាល័យកម្រិតធ្ងន់ បានដឹកនាំក្រុមប្រតិបត្តិការចុះឆែកឆេរផ្ទះលេខ៣៩ ផ្លូវលេខ៥៩៤ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ពីបទបង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ដោយជាក់ស្តែងឃាត់ខ្លួន មនុស្ស១៤នាក់ ស្រី៤នាក់ ក្នុងនោះមាន ជនសង្ស័យ៣នាក់និងជនរងគ្រោះ១១ នាក់ និងចាប់យកវត្ថុតាងមួយចំនួន ។

តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវ ដឹងថាមានករណីបង្ខាំងមនុស្សខុស ច្បាប់ លុះនៅវេលាម៉ោងកើតហេតុខាងលើ ទើបកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក និង អាជ្ញាធរសង្កាត់បឹងកក់ទី២ បានសហការ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះឆែកឆេរជាក់ស្តែងឃើញថាពិតជាមានបទល្មើសបង្ខាំងមនុស្សខុសច្បាប់ប្រាកដមែន ។

សមត្ថកិច្ចបន្តទៀតថា ក្នុងការឃាត់ ខ្លួននោះមាន បុរសជនជាតិតៃវ៉ាន់២នាក់ និងបុរសជនជាតិម៉ាឡេស៊ីម្នាក់ (ជាជន សង្ស័យ ) ។ ចំណែកជនរងគ្រោះដែលសមត្ថកិច្ច ធ្វើអន្តរាគមន៍ជួយនោះមានជនជាតិថៃ ៩នាក់ ជនជាតិខ្មែរ២នាក់ស្រី ជាអ្នក បម្រើ ) ។

វត្ថុតាង ចាប់យកមានទូរស័ព្ទ ម៉ាក I phone 6S ពណ៌ផ្កាឈូក២គ្រឿង ,ទូរស័ព្ទ​ម៉ាក I phone 5 ពណ៌ទឹកប្រាក់ ១គ្រឿង ,ទូរស័ព្ទម៉ាក Appo ពណ៌ ផ្កាឈូក២គ្រឿង ,កុំព្យូទ័រ ម៉ាក Acar ពណ៌ទឹកប្រាក់១គ្រឿង និង ម៉ាក Flast ១គ្រឿង , កាតសម្គាល់ខ្លួន​ឈ្មោះ Young yer Liam ២ និងកាត ATM ៣សន្លឹក , វិក្កយបត្រទិញសម្ភារ៣សន្លឹក សៀវភៅសរសេរ១ក្បាល ,លិខិតឆ្លងដែន​ជន​ជាតិថៃ៧ក្បាល និងលិខិតឆ្លងដែន​ជនជាតិម៉ាឡេស៊ី១ក្បាល , រថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2M-8418មួយគ្រឿង ។

ក្រោយពីឆែកឆេរចប់ក្រុមប្រតិបត្តិការបានសម្រចបិទប្លុមបេផ្ទះខាងលើជាបណ្ដោះអាសន្ន ។ ចំណែកមនុស្ស១៤នាក់ និងវត្ថុតាងចាប់យកក្រោមកិច្ចសម្របសម្រួល ពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print