ខេត្តកំពង់ស្ពឺ ៖ ដោយចង់ពង្រឹងវិស័យ សុខាភិបាលឯកជននៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ស្ពឺឲ្យកាន់តែមានប្រសិទ្ធភាព នោះក្រុមការងារនៃគណៈកម្មការលុបបំបាត់ ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យតាមឱសថស្ថាននានាក្នុង ខេត្តកំពង់ស្ពឺ ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពី រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បានចំនួន៣ស្រុក ក្នុងនោះពិនិត្យរកឃើញឱសថស្ថានគ្មានច្បាប់ ចំនួន៣កន្លែង រួចបានឲ្យធ្វើកិច្ចសន្យា បញ្ឈប់អាជីវកម្មបណ្តោះអាសន្ន។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក វេជ្ជបណ្ឌិតសាយ សាវី អនុប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ស្ពឺ ចូលរួមសហការដោយ លោកអភិបាល រងស្រុកគងពិសី មន្ត្រី តំណាងអាជ្ញាធរខេត្តមន្ត្រីការិយា ល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កងកម្លាំងរាជ អាវុធហត្ថខេត្ត និងអាជ្ញាធរ មូលដ្ឋានជាច្រើននាក់ ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យចំនួន៣ស្រុកគឺ ស្រុកបសេដ្ឋចំនួន៤កន្លែងដោយឱសថស្ថានទាំងនេះមានច្បាប់អនុញ្ញាតត្រឹម ត្រូវ។ ស្រុកសំរោងទង១កន្លែងគ្មានច្បាប់ អនុញ្ញាតទេ ដោយម្ចាស់ឱសថស្ថានមាន ឈ្មោះឈៀង រស្មី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។ ចំណែកនៅស្រុក គងពិសីគណៈកម្មការពិនិត្យបាន២៩ កន្លែងរកឃើញឱសថស្ថាន គ្មានច្បាប់ ចំនួន២កន្លែង ទី១-ឈ្មោះអុឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ សាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី២-ឈ្មោះខៀវ កុសល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តទៀតថា ក្រោយពីពិនិត្យរកឃើញឱសថស្ថានគ្មានច្បាប់រួចមកគណៈ កម្មការបានឲ្យម្ចាស់ទីតាំងខុសច្បាប់ទាំង៣កន្លែងធ្វើកិច្ចសន្យា និងធ្វើការអប់រំ រួច បានដកហូតឱសថគ្មានបញ្ជិកា និងហួស កាលបរិច្ឆេទចំនួន៩មុខយកមករក្សាទុកនៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺដើម្បី ពិន័យតាមច្បាប់ ៕ សេនាស័ក្តិ