សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន៣៥០.០០០ដុល្លាអាមេរិក​ដល់​មូលនិធិប្រាសាទពិភពលោក​សំរាប់អភិរក្សប្រាសាទភ្នំបាក់ខែង

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយ សូមប្រកាសថា មជ្ឈមណ្ឌលបេតិក​ភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំ​នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់​ថវិកា​ចំនួន ៣៥០ ០០០ ដុល្លាអាមេរិក ដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ​ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សំរាប់ដំណាក់កាលទី ៥ ក្នុងការធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង ដែលមានចំណាស់១០ ទសវត្សមកហើយ ក្នុងសួនឧទ្យានអង្គរ ។​

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន 9  ដែលរួមមានប្រទេសបូលីវី ភូមា អ៊ីស្រាអែល មិកសិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ ដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំ​នៃមូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌។

ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេ​ក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏​អស្ចារ្យ​បំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើ​​អោយសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយ​ទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។

ដំណាក់កាលទី ៥ របស់​គំរោង​នឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើត​នៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់​ជួស​ជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។ អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញ​នូវ​ភាព​ដើម​នៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសំភារៈបូរាណផង ទំនើបផង។

គំរោងនេះ​មាន​បំណងជំរុញអោយបានច្រើនដល់ចក្ខុវិស័យ នៃផែនការមេ​ក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែងដែលត្រូវបាន​កំណត់នៅឆ្នាំ ២០០៧ WMF បានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សារា និងអ្នកជំនាញ​នៃអអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណកម្មាធិការសំរបសំរួល អន្តរជាតិអង្គរ។

តាំងពីឆ្នាំ ២០០៤ មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជាង ៣,២ លានដុល្លា អាមេ​រិកពីរដ្ឋាភីបាលអាមេរិក សំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះ គឺជាអង្គការ ឯករាជ្យឈានមុខគេ ដែលធ្វើការ​ដើម្បីសង្គ្រោះកន្លែងដែលត្រូវបានគេផ្តល់តំលៃអោយបំផុត ក្នុងពិភពលោក។ អស់រយៈពេល៤៥ ឆ្នាំហើយ​ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះបាន​ប្រើបច្ចេកទេស ដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗ​នានា នៅជុំវិញពិភព លោក។

មូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីអភិរក្សទី តាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់​អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំង​បេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទហាន់ ជ័យ​ក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅអង្គរបូរី ខេត្តតាកែវ ជាដើម។

ជំនួយសរុបរបស់សហរដ្ឋអាមេរិក​សំរាប់ ការអភិរក្សវប្បធម៌នៅកម្ពុជា មាន ចំនួន ៤ ២៧២ ៤៦៥ ​ដុល្លាអាមេរិក ដែលក្នុងចំនួននេះ ៣ ៣២៦ ៣៦៥ ដុល្លាត្រូវបានផ្តល់អោយតាមរយៈមូលនិធិ​ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌​ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print