ភ្នំពេញ ៖ បុរសជនជាតិហ្វីលីពីនម្នាក់ មានជំងឺខូចគ្រលៀនរយៈពេល៩ឆ្នាំ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជាន់ទី១ ហើយត្រូវបានរាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃអង្គារ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ៩ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ SANTOS DANILODELA CRUZ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុន SHA KAKA INC កាន់លិខិតឆ្លងដែនលេខ EC1922584 ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពអ្នកស្នាក់នៅជាមួយបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺខូចគ្រលៀន៩ឆ្នាំមកហើយ រហូតមកដល់រសៀលថ្ងៃទី១២ ខែធ្នូ នេះមុនកើតហេតុ ជនរងគ្រោះមិនស្រួលខ្លួន ជំងឺរើធ្វើទុក្ខ ហើយបានទូរស័ព្ទហៅរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ឲ្យទៅជួយដឹកយកទៅសង្រ្គោះ តែគ្រូពេទ្យទៅដល់ បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល ។
ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ឃើញថា ស្លាប់ដោយសារជំងឺគាំងបេះដូង ។ សពតម្គល់ទុកនៅវត្តស្ទឹងមានជ័យ និងបន្តរាយការណ៍ទៅស្ថានទូតដើម្បីជ្រាបជាដំណឹង ៕ តុង សីហា