ខេត្តកណ្តាល ៖ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែកបានចុះបង្ក្រាប និងឃាត់ខ្លួន ជន សង្ស័យ៣នាក់ ខណៈកំពុងធ្វើសកម្មភាពជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងែទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពី្របជាពលរដ្ឋល្អ ក្នុងការផ្តល់ដំណឹងនិងទីតាំងជួញដូរថ្នាំញៀន។
នគរបាលស្រុកពញាឮបានអោយដឹងថា ជនសង្ស័យដែល រងការឃាត់ខ្លួន ៖ ១-ឈ្មោះ សយ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីលំនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ,២-ឈ្មោះ សឿន ធឿន ហៅទុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក ទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង៣-ឈ្មោះប៉ុល ស្រីប៉ ហៅពៅ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរត់តុៗ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចចាប់ យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (Ice ) ចំនួន០៤ កញ្ចប់តូច ទូរសព្ទ័ ០១គ្រឿងម៉ាកcamfone ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សយ សារ៉េត បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកជួញដូរនៅថ្ងៃកើតហេតុនេះ បានទិញពីម្តុំផ្សារស្វាយប៉ាក ពីជនមិនស្គាស់ឈ្មោះ ឡើងទិញម្តងចំនួន៥កញ្ចប់តូចយកមកលក់បន្តឲ្យគេ ក្នុងមួយកញ្ចប់តូចតម្លៃ៣០០០០រៀល(បីម៉ឺនរៀល) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ