អ្នកបញ្ជានិងជនដៃដល់​ យកខ្សែភ្លើងចងចោរលួច​ ក្នុងការដ្ឋាន”ព្រីនស៍​ ផ្លាហ្សា”រួចខ្លួនទាំងអស់​ ,​ នគរបាលបញ្ជូនចោរទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ទីបំផុត​ នគរបាលខណ្ឌចំការមន​ ពុំមានវិធានការផ្លូវច្បាប់ចំពោះអ្នកបញ្ជានិងជនដៃដល់ជាសន្តិសុខ​ ដែលយកខ្សែភ្លើងជាច្រើនចងចោរលួចខ្សែភ្លើងក្នុងការដ្ឋានសំណង់ខុនដូ”ព្រីសន៍​ ផ្លាហ្សា”ទេ​ ពោលគឺដោះលែងឱ្យមានសេរីភាពទាំងអស់​ ។​ ចំណែកចោររូបនេះ​ នៅថ្ងៃទី១៦​ ខែធ្នូ​ នគរបាលគ្រោងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់​ ដោយសន្និដ្ឋានចោទប្រកាន់ពីបទ”អំពើលួច”។

ករណីនេះ​ អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើន​ ចង់ឃើញស្ថាប័នមានសមត្ថកិច្ច​ អនុវត្តច្បាប់ដោយតម្លាភាព​ ពោលគឺ​ ចាត់វិធានការចំពោះចោរលួចខ្សែភ្លើង​ និង​ ចាត់ការលើអ្នកបញ្ជា​ ព្រមទាំងជនដៃដល់​ ដែលចាប់ចងចោររូបនេះ​ ។

ហេតុការណ៍នៃការយកខ្សែភ្លើងជាច្រើនចងលើជនសង្ស័យ​ នៅ​ក្នុងការដ្ឋានសំណង់ខុនដូ​ “ព្រីមស៍​ ផ្លាហ្សា”​ក្នុងខណ្ឌចំការមន​កំពុងមានការជជែកគ្នាជាច្រើនអំពីទិដ្ឋភាពផ្លូវច្បាប់​ ។​ គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះ​ ថ្លែងថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ​ ដែលជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងខ្លួនឯងផ្ទាល់​ ។

ជនសង្ស័យម្នាក់ឈ្មោះ​ ហោ​ សុភី​ អាយុ៣០ឆ្នាំ​ ត្រូវបានសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ”ព្រីនស៍​ ផ្លាហ្សា”​ យកខ្សែភ្លើងជាច្រើនចាប់ចង​ ក្រោយជនសង្ស័យលួចខ្សែភ្លើងយកទៅលក់​ បង្កការភ្ញាក់ផ្អើល​ កាលពីរសៀលថ្ងៃទី១៤​ ខែធ្នូ​ តាមមហាវិថីព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះសុំមិនបញ្ចេញឈ្មោះ​ បានបញ្ចេញទិដ្ឋភាពច្បាប់ចំនួនពីរ​ ពាក់ព័ន្ធករណីនេះ​ ទី១​ ការប្រឈមបទល្មើសលួចដែលប្រព្រឹត្តដោយជនសង្ស័យ​ និង​ ទី២​ ការប្រឈមរបស់សន្តិសុខក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់​ ជុំវិញការចាប់ចងជនសង្ស័យ​ ក្រោមរូបភាពនៃការធ្វើទារុណកម្ម​ ។

មាត្រា៨៩នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ”វិធានការដំបូងក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង”ចែងថា​ ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង​ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា​ ។​

មន្ត្រីនគរបាលយុត្តិធម៌ចុះទៅកាន់ទីកន្លែងកើតហេតុ​ ដើម្បីធ្វើការពិនិត្យបទល្មើស​ ។​ មន្ត្រីនគរបាលយុត្តិធម៌ធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភស្តុតាងទាំងឡាយណាដែលអាចបាត់បង់​ ។​ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើស​ រហូតដល់ពេលបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួន​ ។

ប្រសិនបើយល់ថាមានប្រយោជន៍​ ព្រះរាជអាជ្ញាចុះទៅកាន់ទីកន្លែងកើតហេតុ​ និង​ ដឹកនាំការស៊ើបអង្កេត​ ។​ ប្រសិនបើមានការបន្ទាន់​ ព្រះរាជអាជ្ញាអាចអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ​ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយ​ ដែលមានចែងក្នុងមាត្រា​៦៨​(ការពន្លាតសមត្ថកិច្ចដែនដី)នៃក្រមនេះ​ ។

ដោយឡែកមាត្រា២១០នៃក្រមព្រហ្មទណ្ឌ​”បទទារុណកម្មនិងអំពើឃោរឃៅ​”ចែងថា​ ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ​ ត្រូផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ​ ។

អ្នកច្បាប់ដដែល​ និយាយថា​ ក្នុងករណីនេះ​ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង​ ដែលអាចប្រឈមបទល្មើសអំពើលួច​ តាមមាត្រា​៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ​ ។

ចន្លោះពេលនេះ​ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស​ ជាអាទិ៍​ ការធ្វើទារុណកម្មដោយការចាប់ចងនេះ​ បានដែរ​ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ​ ។

កន្លងមក​ គេតែងតែសង្កេតឃើញថា​ រាល់មានបទល្មើសកើតឡើងពិសេស​ បទឆក់ឬបទប្លន់​ ជាដើម​ ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ​ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង​ ។​ បញ្ហានេះ​ អ្នកច្បាប់​ និង​ មជ្ឈដ្ឋានមួយចំនួន​ សំណូមពរដល់សាធារណជន​ មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ​ ដែលពេលខ្លះ​ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន​ ។​ រាល់បទល្មើសកើតឡើង​ គម្បីទុកសមត្ថកិច្ច​ ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ​ ជា​អ្នកមានចំណាត់ការផ្លូវច្បាប់វិញ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print