ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌ បានធ្វើការចុះបង្ក្រាបទីតាំងលួចលាក់កត់ឆ្នោតវៀតណាមមួយកន្លែងក្នុងនោះឃាត់ខ្លួនបានស្រ្តីម្នាក់កំពង់អង្គុយកត់។កាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ វេលាម៉ោង៤រសៀល ខែ ធ្នូ ឆ្នាំ២០១៧នៅចំណុចផ្ទះលក់ចាប់ហ៊ួយ តាមផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ស្រ្តីដែលឃាត់ខ្លួននោះឈ្មោះ សេង ពៅ អាយុ៤២ឆ្នាំមុខរបរ លក់ចាប់ហ៊ួយ កង្កប់ កត់ឆ្នោត រស់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើត ភូមិដាំទ្រា ឃុំដាំទ្រា ស្រុកមេមុត ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានអោយដឹងថាការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នេះបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថាទីតាំងខាងលើនេះមានលួចលាក់កត់កន្ទុយលេខខុសច្បាប់(ឆ្នោតវៀតណាម)ទើបលោកបានរាយការណ៍ទៅគណៈបញ្ជាការឯកភាពខណ្ឌនិងសុំគោលការពីព្រះរាជអជ្ញារងរាជធានីភ្នំពេញចុះធ្វើការបង្ក្រាបបានជាក់ស្តែងតែម្តង។ លោកអធិការក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយរាយការណ៍មកសមត្ថកិច្ចបន្តទៀតបើដឹងថាមានបទល្មើសផ្សេងៗដូចជាល្បែងសុីសង បទល្មើសគ្រឿងញៀន និងក្មេងទំនើងជាដើម។
សម្ភារដកហូតមាន ១/ទូរស័ព្ទដៃចំនួន២គ្រឿង២/ម៉ាសុីនព្រីន១គ្រឿង៣/ម៉ាសុីនគិតលេខ២គ្រឿង៤/ប្រាក់រៀលចំនួន២៩៣៨០០រៀល(ម្ភៃប្រាំបួនមុឺនបីពាន់ប្រាំបីរយរៀល)ប្រាក់ដុល្លា២២ដុល្លានិងក្រដាសសំរាប់កត់ឆ្នោតមួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខឲ្យផ្នែកជំនាញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ តុង សីហា