មេធាវីកងយោធពលខេមរភូមិន្ទ ចូលបំភ្លឺលើសំណុំរឿង​ប្តឹងទណ្ឌិត​ សម​ រង្ស៊ី​ ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖តាមគ្រោងលោក​ វង្ស​ ភក្តី​ មេធាវីតំណាងដោយអាណត្តិរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងចូលបំភ្លឺចំពោះមុខលោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ ជុំវិញបណ្តឹងប្តឹងទណ្ឌិត​ សម​ រង្ស៊ី​ ពីបទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ។

ក្នុងលិខិតអញ្ជើញរបស់ លោក សៀង សុខ បានកំណត់ឱ្យ លោក វង្ស ភក្តី ចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៩៖០០នាទីព្រឹក នៅជាន់ទី២ បន្ទប់ «ប»។ ទន្ទឹមគ្នានឹងការកោះហៅមេធាវីដើមបណ្តឹងនេះ លោក សៀង សុខ ក៏បានចេញដីកាកោះហៅទណ្ឌិត​ សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជនសង្ស័យ​ ផងដែរ​ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា​ “នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត”

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print