ជនវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់បានបើកការវាយប្រហារទៅលើព្រះវិហារកាតូលិក ដែលមានសាសនិកប្រមាណ៤០០នាក់កំពុងតែចូលរួមនៅក្នុងពិធី បួងសួងថ្ងៃអាទិត្យទី ១៧ធ្នូ នៅភាគខាងលិចប្រទេសប៉ាគិស្ថាន បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់និង ជាង២០នាក់រងរបួស។
ជនវាយប្រហារគ្រាប់បែកអត្តឃាតបានសម្តៅទៅលើព្រះវិហារ Methodist ក្នុងតំបន់ Quetta ។ ប៉ុន្តែជាភ័ព្វសំណាង ជនវាយប្រហារអត្តឃាត បានបំផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ចំណែកម្នាក់ទៀត ត្រូវបានសន្តិសុខរារាំងទាន់ពេលវេលា។
លោក Sarfaraz Bugti មន្ត្រីសន្តិសុខនៅក្នុងខេត្ត Balochistan បានបញ្ជាក់ថា ជនវាយប្រហារទីពីរត្រូវសន្តិសុខបាញ់សម្លាប់ មុនពេលគេបំផ្ទុះអត្តឃាត។ កម្លាំងសន្តិសុខ ចំណាយពេល ប្រមាណ១៦នាទីប៉ុណ្ណោះ ក្នុងការដោះស្រាយស្ថានភាព។
ស្នងការប៉ូលិសខេត្ត Balochistan លោក Moazzam Jah Ansari បានឲ្យដឹងថា៖ ពលរដ្ឋ ជាច្រើនបានស្លាប់នៅក្នុងហេតុការណ៍ វាយប្រហារខាងលើ និងការប៉ះទង្គិចគ្នាដោយអាវុធ រវាងកម្លាំងសន្តិសុខនិងក្រុមភេរវកម្ម។ នៅពេលហេតុការកើតឡើង ក្នុងព្រះវិហារមានមនុស្សដល់ទៅ៤០០នាក់ ចូលរួមធ្វើពិធីបួងសួង។
Quetta គឺជាទីក្រុងធំ បំផុត នៅក្នុងខេត្ត Balochistan ។ អ្នកកានសាសនាកាតូលិកមានប្រមាណតែ២ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសនេះ ហើយប្រឈមនិងការវាយប្រហារពីក្រុងអិស្លាម ជ្រុលនិយម។
ការវាយប្រហារនាពេលថ្មីបំផុត ទៅលើក្រុមអ្នកសាសនាកាតូលិកនៅប៉ាគីស្ថានគឺស្ថិតនៅទីក្រុងLahore សម្លាប់មនុស្ស១៤នាក់ កាលពីខែមីនាឆ្នាំ២០១៥ និងការវាយប្រហារអត្តឃាតនៅព្រះវិហាPashawar កាលពីឆ្នាំ២០១៣សម្លាប់មនុស្សដល់ទៅ៨០នាក់៕
ដោយ៖ មែវ សាធី