ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យព្រមទាំងសហការីបាននាំយកអំណោយរបស់អង្គភាពអាវុធហត្ថ រួមមាន អង្ករ ១ការ៉ុង ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ព្រមទាំងថវិការមានចំនួន១.២០០.០០០រៀល យកទៅចូលរួមបុណ្យសពលោកតាអ៊ុំ ប្លែក ប្រុស អាយុ៨៩ឆ្នាំ ដែលសពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិអង្គាឬស្ស ឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យតាមការគួរ។
ក្នុងនោះលោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ថាកាលពីលោកតាអ៊ុំ ប្លែក នៅគាត់មានកូនស្រីម្នាក់ទៀតពិការភ្នែកដូចរូបគាត់ដែរ ដោយមើលឃើញក្រុមគ្រួសារពិបាកក្នុងការរកស៊ីចិញ្ចឹមជីវិតខ្លាំងពេកទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អតីតមេបញ្ជាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេ សនិងជាមេបញ្ជាការកងរាជអាវុហត្ថរាជធានីភ្នំពេញបានជួយចិញ្ចឹម លោកតានិងកូនពិការភ្នែកអស់រយៈពេល ៥ឆ្នាំមកហើយ ដោយក្នុងមួយខែគាត់បានជួយឧបត្ថម្ភមានថវិកា ២០ម៉ឺនរៀលនិងអង្ករ ៣២គីឡូក្រាម រហូតដល់ថ្ងៃគាត់ស្លាប់។
លោកវរសេនីយ៍ឯកបានបញ្ជាក់ឱ្យដឹងថាកូនលោកតាអ៊ុំប្លែក រស់នៅដោយពិការភ្នែកតែម្នាក់ឯងដោយគ្មាន ទីពឹងនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅតេបន្តជួយជាថវិកា និងអង្ករជារៀងរាល់ខែបន្តទៀតដើម្បីជួយដោះស្រាយដល់ជីវភាពកូនលោកអ៊ុំផងដែរ ៕ ខេមរា