ខេត្តកណ្តាល៖លោក ឡេង សុងហ៊ី ម្ចាស់ The voice KTV ក្រុងតាខ្មៅ នៅថ្ងៃទី២២ ខែធ្នូ នេះ ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ក្រោយជនសង្ស័យក្នុងអំពើឆក់កាបូបពីនារីម្នាក់ បកអាក្រាតថា បានលួចលាក់ អនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា ម្ចាស់ The voice KTV បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ៖ ទី១-ហាមផ្តល់ទីតាំងឬកន្លែងប្រើប្រាស់គ្រឿងញៀន ,ទី២-ហាមផ្តល់ទីតាំងជួញដូរផ្លូវភេទ ,ទី៣-ត្រូវរាយការណ៍ឬផ្តល់ដំណឹងមកសមត្ថកិច្ចប្រសិនបើមានករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន និងទី៤-ត្រូវចេះសហ ការជាមួយសមត្ថកិច្ចផ្តល់ដំណឹងទាន់សភាពការណ៍ រាល់បទល្មើសផ្សេងៗដែលមានការសង្ស័យ។
ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ក្រោយឆក់កាបូបពីស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា ជនសង្ស័យមានគ្នាពីរនាក់ ម្នាក់ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតរត់គេចខ្លួន ។ ជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ ។
ជនសង្ស័យ សារភាពថា គេបានទិញគ្រឿងញៀនពីចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងតម្លៃ១០ដុល្លារ យកទៅប្រើប្រាស់នៅ The voice KTV ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនសង្ស័យ និយាយថា យុវជនភាគច្រើនទៅប្រើប្រាស់គ្រឿងញៀននៅទីនោះ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ ប៉ុន្មានទេ ៕ ឆ ដា