ម្ចាស់​ The voice KTV ក្រុងតាខ្មៅ​ ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច​ ក្រោយជនសង្ស័យបកអាក្រាតថាលួចលាក់ អនុញ្ញាតឱ្យសេពគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖លោក​ ឡេង​ សុងហ៊ី​ ម្ចាស់​ The voice KTV​ ក្រុងតាខ្មៅ​ នៅថ្ងៃទី២២​ ខែធ្នូ​ នេះ​ ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច​ ក្រោយជនសង្ស័យក្នុងអំពើឆក់កាបូបពីនារីម្នាក់​ បកអាក្រាតថា​ បានលួចលាក់ អនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន​ ។​

លោក​វរសេនីយ៍​ ស​ កែវពិសិដ្ឋ​ អធិការនគរបាលក្រុងតាខ្មៅ​ ថ្លែងថា​ ម្ចាស់​ The voice KTV​ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច​ ៖ ទី១-​ហាមផ្តល់ទីតាំង​ឬកន្លែងប្រើប្រាស់គ្រឿងញៀន​ ,ទី២-ហាមផ្តល់ទីតាំងជួញដូរផ្លូវភេទ​ ,ទី៣-ត្រូវរាយការណ៍ឬផ្តល់ដំណឹងមកសមត្ថកិច្ចប្រសិនបើមានករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន​ និងទី៤-ត្រូវចេះសហ ការជាមួយសមត្ថកិច្ចផ្តល់ដំណឹងទាន់សភាពការណ៍​ រាល់បទល្មើសផ្សេងៗដែលមានការសង្ស័យ។

ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់​ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ ក្រោយឆក់កាបូបពីស្ត្រីម្នាក់​ កាលពីយប់ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧​ នៅចំណុចភូមិព្រែកសំរោង​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ។

លោកវរសេនីយ៍​ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា​ ជនសង្ស័យមានគ្នាពីរ​នាក់​ ម្នាក់ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតរត់គេចខ្លួន​ ។​ ជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ ។

ជនសង្ស័យ​ សារភាពថា​ គេបានទិញគ្រឿងញៀនពីចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ក្នុងតម្លៃ១០ដុល្លារ​ យកទៅប្រើប្រាស់នៅ​ The voice KTV ផ្លូវលេខ១១០​ ភូមិថ្មី​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ។​ ជនសង្ស័យ​ និយាយថា​ យុវជនភាគច្រើនទៅប្រើប្រាស់គ្រឿងញៀននៅទីនោះ​ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ​ ប៉ុន្មានទេ​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print