លោក ហ្វ្រេដឺរិច សាន់ហ្សេស (FREDERIC SANCHEZ) ប្រធានក្រុមប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា
ឯកឧត្តម ហ្សង់ក្លូដ ពាំបឺស (Jean-Claude POIMBOEUF) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលបានមកចូលរួមក្នុងពិធីជំនួបជាមួយក្រុមប្រឹក្សាធុរកិច្ច បារាំង-កម្ពុជា ដែលបានរៀបចំឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) បន្ទាប់ពីការចូលរួមរបស់ខ្ញុំម្ដងរួចមកហើយ កាលពីឆ្នាំ២០០៥។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះសហព័ន្ធនិយោជកបារាំងអន្តរជាតិ និងក្រុមប្រឹក្សាធុរកិច្ចបារាំង-កម្ពុជា ដែលបានផ្ដួចផ្ដើម រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ផ្ដល់លទ្ធភាពឲ្យខ្ញុំបានចែករំលែកព័ត៌មានថ្មីៗអំពីការវិវត្តសំខាន់ៗ ពាក់ព័ន្ធនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិ- បត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-បារាំង។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងជាតំណាងក្រុមហ៊ុនបារាំងដែលបានអញ្ជើញចូលរួមក្នុងពិធីនាពេលនេះ។ ប្រការនេះ បង្ហាញឲ្យឃើញពីការចាប់អារម្មណ៍កាន់តែច្រើន ឡើងពីសហគមន៍ធុរកិច្ចបារាំងមកលើកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានការផ្លាស់ប្ដូរ យ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និង វិនិយោគ។
ល្អប្រសើរជាងសុន្ទរកថាវែងឆ្ងាយ ក្នុងឱកាសនេះ ខ្ញុំសូមលើកជូននូវសូចនាករជាក់ស្ដែងមួយចំនួន ដែលឆ្លុះបញ្ចាំងការជឿនលឿន និងការវិវត្តរបស់កម្ពុជា រួមមាន (១) តម្រូវការការប្រើប្រាស់អគ្គីសនី៖ ក្នុងខណៈពេលដែលតម្រូវការអគ្គីសនីមានទំហំប្រមាណ ១០៧មេហ្កាវ៉ាត់ នៅឆ្នាំ២០០០, តម្រូវការនេះបានកើនឡើងដល់ ៥៧២មេហ្កាវ៉ាត់ នៅឆ្នាំ២០១០ និងកើនឡើងរហូតដល់ប្រមាណ ៩៣១មេហ្កាវ៉ាត់ នៅឆ្នាំ២០១៥, (២)ការនាំចូលប្រេងឥន្ធនៈ៖ បរិមាណប្រេងឥន្ធនៈដែលបាននាំចូលក្នុងឆ្នាំ២០០៥ ដែលមានចំនួនប្រមាណ ៧៣៤ពាន់តោន បានកើនឡើងដល់ ១,៥លានតោន នៅឆ្នាំ២០១០ និង ១,៧លានតោននៅឆ្នាំ២០១៤, (៣)ការស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៖ ក្នុងប្រវែងផ្លូវជាតិសរុប ១៥.៣១៥គីឡូម៉ែត្រ កម្ពុជាបានស្ដារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រវែង ២.១៨៦គីឡូម៉ែត្រ នៅឆ្នាំ២០០៥។ ការស្ដារ និងស្ថាបនាប្រព័ន្ធផ្លូវនេះបានកើនដល់ ៤.៣៦២គីឡូម៉ែត្រ នៅឆ្នាំ២០១០ និង ៥.៩៨២គីឡូម៉ែត្រ នៅឆ្នាំ២០១៤, (៤) ការនាំចេញផលិតផលវិស័យកាត់ដេរ៖ កម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរក្នុងទំហំទឹកប្រាក់ចំនួន ១.១២៥លានដុល្លារអាមេរិកនៅឆ្នាំ២០០០, បានកើនឡើង រហូតដល់ ៣.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១០ និង ៥.៦៣២លានដុល្លារអាមេរិកនៅឆ្នាំ២០១៤, (៥) ការនាំចេញកសិផល៖ កម្ពុជាបាននាំចេញកសិផលក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ៣៥លានដុល្លារអាមេរិកប៉ុណ្ណោះ នៅឆ្នាំ២០០០ តែការនាំចេញនេះបានកើនឡើងដល់ ១៣១លានដុល្លារអាមេរិកនៅឆ្នាំ២០១០ និង ៤៩៣លានដុល្លារអាមេរិក នៅឆ្នាំ២០១៤, ក្នុងនោះ ការនាំចេញអង្ករ៖ ដែលមានចំនួនត្រឹមតែ ២១៦ពាន់ដុល្លារអាមេរិក នៅឆ្នាំ២០០០ បានកើនឡើងដល់ចំនួនប្រមាណ ៣៥លានដុល្លារអាមេរិក នៅឆ្នាំ២០១០ និង ២៤៩លានដុល្លារអាមេរិក នៅឆ្នាំ២០១៤, និង (៦) វិស័យទេសចរណ៍៖ ភ្ញៀវទេសចរបរទេសដែលមកកម្ពុជា នៅឆ្នាំ២០០០ មានចំនួនត្រឹមតែ ៤៦០ពាន់នាក់ បានកើនឡើងដល់ ២,៥លាននាក់ នៅឆ្នាំ២០១០ និងកើនឡើងរហូតដល់ ៤,៥លាននាក់ នៅឆ្នាំ២០១៤។
ម្យ៉ាងវិញទៀត កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេលពីរ ទស្សវត្សរ៍ចុងក្រោយ ដែលត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសក្នុងក្រុមឯកទគ្គករកំណើនទាំង ប្រាំបីនៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ បានកើនឡើងគួរជាទីមោទនៈ ពី២៥៣ដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ ដល់ ១.២២៥ដុល្លារអាមេរិក នៅឆ្នាំ២០១៥។ ឈរលើមូលដ្ឋាន និងសូចនាករខាងលើនេះ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣ ,២% នៅឆ្នាំ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ២០១៤ ដែលធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី៤លើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ។ នៅពេលនេះ កម្ពុជាកំពុងឈានឡើងពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងអនាគតដ៏ខ្លីខាងមុខនេះ ហើយបន្តឆ្ពោះទៅសម្រេចឲ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ជារួម យើងមិនត្រឹមតែរក្សាបានយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ និងសង្គមទៀតផង។ ក្នុងនោះ ការបែងចែកផលនៃកំណើនបានដល់ប្រជាជនគ្រប់រូប ជាពិសេសលទ្ធភាពនៃការទទួលបាននូវការងារធ្វើ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងចំណូលកាន់តែប្រសើរឡើងដែលបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ជាពិសេស “យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣” ដើម្បី “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥” ដើម្បីជាមគ្គុទេសក៏ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងចូលរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពនិងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ការរៀបចំ និងការដាក់ចេញនូវគោលនយោបាយនេះ គូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការបង្កើតនូវ “យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី” ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាព-ការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក រួមមាន ទី១). ភាពអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ពិសេសក្នុងក្របខ័ណ្ឌនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ ទី២). តួនាទីនៃវិស័យឧស្សាហកម្មក្នុងការបង្កើតនូវកំណើន និងការងារថ្មីនៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចបើកចំហ កត្តាផលលាភប្រជាសាស្ត្រ និងការប្រែប្រួលរចនាសម្ព័ន្ធសំខាន់ៗ ដែលអំណោយផលចំពោះការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ទី៣). តួនាទីនៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយសម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យកសិកម្ម និងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបន្ថែមទៀត និង ទី៤). សារៈសំខាន់នៃវិស័យឧស្សាហកម្ម ជាការដ្ឋាននៃការកែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងបញ្ចៀសបាននូវ “អន្ទាក់ប្រទេសមានចំណូលមធ្យម”។
ក្នុងន័យនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ជាឯកសារក្រប-ខ័ណ្ឌមួយដែលបញ្ជាក់ទៅដល់តួអង្គពាក់ព័ន្ធទាំងអស់ (ក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករផ្នែកឯកជន) នូវទិសដៅដែលកម្ពុជាចង់ដើរឆ្ពោះទៅមុខ។ ដើម្បីជារង្វាស់នៃការអនុវត្ត គោលនយោបាយនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់ស្ដែងគន្លឹះបួនយ៉ាង ឲ្យសម្រេចបាននៅមុនបំណាច់ឆ្នាំ២០១៨ រួមមាន៖ ទី១-ការបញ្ចុះថ្លៃផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រួមទាំងការពង្រីកវិសាលភាពគ្របដណ្ដប់ និងការលើកកម្ពស់ភាពទុកចិត្តក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី, ទី២-ការរៀបចំ និងការអនុវត្តផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកពហុមធ្យោបាយ, ទី៣-ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្ដុះបណ្ដាលជំនាញ និង ទី៤-ការអភិវឌ្ឍ និងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ក្នុងក្របខ័ណ្ឌនៃគោលនយោបាយនេះ គោលដៅនៃការទាក់ទាញការវិនិយោគ នឹងផ្តោតលើមុខសញ្ញាបីសំខាន់ រួមមាន ទី១). រក្សា និងពង្រីកសកម្មភាពដែលមាននាពេលបច្ចុប្បន្ន និងទី២). ទាក់ទាញសកម្មភាពថ្មីដែលផ្ដល់នូវតម្លៃបន្ថែមខ្ពស់ ជាពិសេសគឺធ្វើការកែច្នៃឱ្យអស់លទ្ធភាពនូវអ្វីដែលកម្ពុជាមានស្រាប់ និងទី៣) បញ្ចូលកម្ពុជាជាផ្នែកនៃខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដាក់ឲ្យអនុវត្តនូវ “គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ២០១៥-២០២៥” សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាជនកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ។ ការដាក់ចេញនូវគោលនយោបាយនេះ មិនត្រឹមតែមានភាពប្រទាក់ប្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមកជាមួយ “គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្របខ័ណ្ឌរួមមួយសម្រាប់ស្ថាប័នពាក់ព័ន្ធនានា ធ្វើសកម្មភាពដោយមានការសម្របសម្រួលទៅតាមគោលដៅរួម និងមានការទទួលខុសត្រូវច្បាស់លាស់ទៀតផង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ដូចដែលយើងបានដឹងហើយថា នៅចុងឆ្នាំ២០១៥ នេះ កម្ពុជា និងប្រទេសសមាជិកអាស៊ានចំនួន ៩ទៀត នឹងឈានចូលទៅក្នុងសករាជមួយថ្មី គឺសករាជសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលយើងដឹងច្បាស់ថានឹងនាំមកនូវកាលានុវត្តភាព ទន្ទឹមគ្នានឹងការប្រឈម។ ដូចនេះ ចាប់ពីពេលនេះតទៅ សូមអស់លោកឈប់គិតថា វិនិយោគនៅកម្ពុជាក្នុងគោលបំណងបម្រើទីផ្សារកម្ពុជាដែលមានត្រឹមតែ១៥លាននាក់ គឺត្រូវគិតពីទីផ្សារប្រទេសនៅតាមដងទន្លេមេគង្គ (GMS) ដែលមានប្រជាជនចំនួន ៣២៦លាននាក់ និងធំជាងនេះទៅទៀត គឺបម្រើទីផ្សារតំបន់អាស៊ានទាំងមូលដែលមានប្រជាជនរហូតដល់ទៅ៦៣០លាននាក់។ ក្នុងន័យនេះ ខ្ញុំចង់ឃើញក្រុមហ៊ុនបារាំងមកបណ្ដាក់ទុននិងផលិតនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ានដែលទំនិញទាំងនោះ មិនត្រូវបានជាប់ពន្ធទេ។ ជាមួយគ្នានេះដែរ ខ្ញុំសូមស្វាគមន៍ក្រុមហ៊ុនបារាំងមកបណ្ដាក់នៅកម្ពុជា ដើម្បីបម្រើទីផ្សារសហគមន៍អឺរ៉ុប ដែលបានផ្ដល់ភាពអនុគ្រោះការនាំចូលមុខទំនិញ/ផលិតផលពីកម្ពុជា ដោយគ្មានការកំណត់បរិមាណ និងមិនជាប់ពន្ធឡើយ (Quota Free-Duty Free)។
ខ្ញុំដឹងថា នៅតំបន់អាស៊ី មានក្រុមហ៊ុនបារាំងមួយចំនួនមានទីតាំងនៅប្រទេសចិន ឬប្រទេសថៃឡង់ដ៍ និងនៅប្រទេសមួយចំនួនទៀត។ ក្នុងសម័យកាល “ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ - Regional Supply Chain” ដែលមានន័យថា គ្មានទំនិញណាផលិតពីដើមដល់ចុង នៅលើទីតាំងតែមួយ នៅក្នុងប្រទេសតែមួយឡើយ, ខ្ញុំយល់ឃើញថា ក្រុមហ៊ុនបារាំងទាំងនោះអាចធ្វើការពិចារណាឲ្យមានផ្នែកណាមួយនៃសង្វាក់ ផលិតកម្មរបស់ខ្លួន មានសកម្មភាពនៅកម្ពុជា ដោយផ្អែកលើសក្ដានុពលសំខាន់ៗរបស់កម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, ឧស្សាហកម្មកម្មន្តសាល, និងនៅតាមផ្នែកផលិតកម្ម និងសេវាកម្មផ្សេងទៀត និងផ្អែកទៅលើឧត្តមភាពប្រៀបធៀបពិសេសរបស់កម្ពុជា ដែលជាប្រទេសបើកចំហរ, មានប្រាក់ឈ្នួលសមរម្យ, មានកម្លាំងពលកម្មវ័យក្មេង និងសកម្ម (មានអាយុចន្លោះពី១៥ដល់៥៤ឆ្នាំ ចំនួនប្រមាណ៩,២លាននាក់ ត្រូវនឹងប្រមាណ៥៩,៤%នៃចំនួនប្រជាជនកម្ពុជាសរុប) ព្រមជាមួយនឹងភាពអំណោយផលនៃអាកាសធាតុ, ដី និងធនធានធម្មជាតិ។ សក្ដានុពលទាំងអស់នេះ កំពុងតែរង់ចាំការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុនរបស់អស់លោក។
សូមជម្រាបថា ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ មកដល់សព្វថ្ងៃនេះ រដ្ឋាភិបាល និងប្រជាជនបារាំង បានផ្ដល់ការឧបត្ថម្ភគាំទ្រទាំងផ្នែកនយោបាយ ហិរញ្ញប្បទាន និងបច្ចេកទេស ដែលមិនអាចកាត់ថ្លៃបាន ក្នុងការស្វែងរកសន្តិភាព ព្រមទាំងការស្ដារ និងអភិវឌ្ឍន៍កម្ពុជា។ លើសពីនេះទៀត ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍធនធានមនុស្ស រដ្ឋាភិបាលបារាំងបានស្វាគមន៍ និងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងជំនាញផ្សេងៗ ដូចជា ច្បាប់ ពេទ្យ វិស្វកម្ម។ ការជួយជ្រោមជ្រែងទាំងអស់នេះ បានរួមចំណែកធ្វើឲ្យកម្ពុជាមានលទ្ធភាពក្រោកឈរឡើងវិញជាប្រជាជាតិមួយ ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ និងអរិយធម៌ល្បីល្បាញ។ ក៏ប៉ុន្តែ ជាការគួរឲ្យកត់សម្គាល់កម្រិតនៃសកម្មភាពវិនិយោគ និងធុរកិច្ចរបស់បារាំងនៅកម្ពុជា គឺនៅមានចំនួនតិចនៅឡើយ ជាក់ស្ដែងក្រុមហ៊ុនបារាំងនៅកម្ពុជា មានចំនួនត្រឹមតែប្រមាណ៥០ក្រុមហ៊ុនប៉ុណ្ណោះ រួមបញ្ចូលទាំងក្រុមហ៊ុនតូចៗដែលបម្រើក្នុងវិស័យផ្សេងៗ ដទៃទៀត ចំនួនប្រមាណ ១០០ ក្រុមហ៊ុន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមឆ្លៀតឱកាសនេះថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនបារាំង ទាំងតូច ទាំងធំ ដូចជា ក្រុមហ៊ុនវ៉ាង់ស៊ី (VINCI) ក្រុមហ៊ុនតូតាល់ (Total) ជាដើម ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ប្រាកដណាស់ សកម្មភាពទាំងអស់នេះ មិនត្រឹមតែបានចូលរួមធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងដល់ទំនាក់ទំនងការទូត និងនយោបាយជាប្រវត្តិសាស្ត្ររវាងប្រទេសយើងទាំងពីរ។
មុននឹងបញ្ចប់ ខ្ញុំសូមអញ្ជើញអស់លោក លោកស្រីទាំងអស់ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានា នៅក្នុងកិច្ចការរៀបចំអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជា។ ខ្ញុំសូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងតែងតែចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ហើយដោយឈរលើមូលដ្ឋាននៃទស្សនទាននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយន្តការពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ជាមួយនឹងវិស័យឯកជនលើគ្រប់វិស័យ សម្រាប់ជួបប្រជុំពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ សំដៅទាក់ទាញលំហូរវិនិយោគបរទេសមកកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួល បានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន ។ សូមអរគុណ !