ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយដកស្រង់មន្ត្រីក្នុងតំបន់បាន ថ្លែងថា យ៉ាងហោចណាស់មនុស្ស១២៤នាក់បានរងរបួស បន្ទាប់ពីស្រឡាងល្បឿនលឿនធ្វើដំណើរពីម៉ាកាវទៅកាន់ហុងកុងនោះបានប៉ះទង្គិចជាមួយវត្ថុរឹងនៅក្រោមទឹក ។
ប្រភពបន្តថា អ្នកដំណើរ១៧៤នាក់ រួមទាំងនាវឹកផងដែរស្ថិតនៅលើស្រឡាងនេះបានដាច់ថាមពលនៅពេលទៅជិតដល់ដែនកោះ Lantau នៅវេលាម៉ោង១៨ម៉ោងនៅក្នុងតំបន់ ។ កងកម្លាំងទាហានជើងទឹកត្រូវបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះអ្នកដំណើរ ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សព្វផ្សាយថា អ្នកដំណើរភាគច្រើនទទួលរងរបួសនៅត្រង់អវៈយវៈ និងផ្ទៃមុខ ។ អ្នកដំណើរចំណាយពេលច្រើនម៉ោងរង់ចាំនៅលើស្រឡាងដើម្បីការជួយសង្គ្រោះពីក្រុមជួយសង្គ្រោះ ។
អ្នកដំណើរម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន the South China Moring Post ថា ចរន្តអគ្គិសនីនៅក្នុងស្រឡាងនេះស្រាប់តែដាច់ចរន្តភ្លាមៗ ។ វាមានការចលាចលផងដែរ ប៉ុន្តែនៅពេលក្រោយមក អ្នកដំណើរទាំងអស់បានរក្សាការស្ងៀមស្ងាត់ ។
ទីភ្នាក់ងារព័ត៌មាន RTHK បានផ្សព្វផ្សាយថា មនុស្ស៥នាក់កំពុងស្ថិតនៅក្នុងស្ថានភាពរងរបួសជាទម្ងន់នៅឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត