ខេត្តឧត្តរមានជ័យ ៖ ព្រៃសហគមន៍សង្ឃរុក្ខវ័ន ដែលមានផ្ទៃដីជិត១ម៉ឺនហិកតាលាតសន្ធឹងពីស្រុកអន្លង់វែងឆ្លងកាត់ក្រុងសំរោង និងស្រុកចុងកាល់ត្រូវបានជនទុច្ចរឹតមួយចំនួនចូលលួចកាត់ឈើ និងបរបាញ់សត្វជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ព្រះសង្ឃរួមទាំងសមាជិកការពារព្រៃសហគមន៍ និងកងវរៈសេនាតូចលេខ៩០៥ បានសហការដើរល្បាតព្រៃក៏ប្រទះឈើធ្នុងមុខកាត់៦តឹកប្រវែង៤ម៉ែត្រ ដែលត្រូវក្រុមទុច្ចរឹតទាំងនោះបន្សល់ទុក។
ព្រះសង្ឃព្រះនាម ប៊ុន សាលួត ព្រះមេគណខេត្តគង់នៅវត្តរាជាសំរោង និងជាប្រធានការពារព្រៃសហគមន៍សង្ឃរុក្ខវ័នមានសង្ឃថេដីកាថា ព្រះអង្គស្រឡាញ់ព្រៃឈើណាស់ ព្រោះព្រះអង្គបានដាក់សំណើរចូលដល់រាជរដ្ឋាភិបាលដើម្បីបង្កើតដែនព្រៃសហគមន៍រាប់ម៉ឺនហិកតា និងការពារសត្វព្រៃជ្រកកោននៅក្នុងដែនព្រៃនេះផងដែរ។
ព្រះអង្គបន្តថា ព្រះអង្គបានបំផុសឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិជុំវិញដែនព្រៃសហគមន៍ឱ្យចូលរួមជាសមាជិកការពារព្រៃឈើរួមទាំងសត្វព្រៃឱ្យស្ថិតនៅគង់វង្ស ប៉ុន្តែកន្លងមកមានជនទុច្ចរឹកមួយចំនួនបានចូលលួចកាត់ឈើនឹងលួចបរបាញ់សត្វ តែត្រូវបានសមាជិករួមទាំងព្រះសង្ឃធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ប្រគល់ទៅឱ្យសមត្ថកិច្ច។
ព្រះអង្គមានសង្ឃថេដីកាទៀតថា ព្រះសង្ឃរួមទាំងសមាជិកជាច្រើនបានដើរល្បាត និងដេកនៅក្នុងព្រៃក៏មាន តែជនទុច្ចរឹតទាំងនោះនៅតែចូលលួចកាត់ឈើនឹងបរបាញ់សត្វមិនចេះចប់៕ ប៉ែន នួន