ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលកំពុងជិះម៉ូតូម្នាក់ឯងបានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីរងគ្រោះដោយរថយន្តបុកចំពីមុខពេញទំហឹង។ ក្រោយបង្កអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី26 ខែតុលា ឆ្នាំ2015 វេលាម៉ោង16និង45នាទី លើផ្លូវលេខ41 ត្រង់ចំណុចគីឡូម៉ែត្រលេខ5-6 ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
រថយន្តបង្កម៉ាកសាំយ៉ុង ពណ៍លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AD.9410 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ ។ ចំណែកភាគីអ្នករងគ្រោះជិះម៉ូតូម៉ាកហុងដា គុបជ្រុង គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នៅ មករា ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិ សេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា គេបានឃើញរថយន្ត ធ្វើដំណើរមកពី ទិសខាងជើងទៅទិសខាងត្បូង មក ដល់ចំណុចខាងលើបានបុកម៉ូតូ1គ្រឿងម៉ាកហុងដាគប់ជ្រុង គ្មានផ្លាក លេខ ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា បណ្តាលអោយ អ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយបង្កអ្នកបើកបររថយន្យយបានចុះចោលហើយរត់គេចខ្លួនបាត់។
លោកវរសេនីត្រីឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានអោយដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែង និងរៀបចំឯកសារប្រគល់សពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការបន្តថា វត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសំរោងទងដើម្បីរង់ចាំបើកការស៊ើបអង្កេតរកម្ចាស់រថយន្តបង្កអោយចូលខ្លួនមកដោះហស្រាយជាមួយភាគីរងគ្រោះតាមផ្លូវច្បាប់ ៕
ដោយ៖ សេនាស័ក្តិ