ខេត្តកំពង់ធំ ៖ គម្រោងផ្តល់ថវិកា ប្រចាំខែ ជូនជនចាស់ជរា អាយុចាប់ពី៧៥ឆ្នាំឡើងទៅ គឺជាគម្រោងថ្មីមួយ ក្រោមការផ្តួចផ្តើមគំនិតរបស់ លោក អូស្មានហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកស្រី ដែលក្នុងយុទ្ធនាការដំបូង គម្រោងនេះត្រូវបានចាប់ផ្តើមធ្វើឡើងពីឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគម្រោងខាងលើ បានជ្រើសរើស ចាស់ជរានិងអ្នកពិការគ្មានទីពឹងប្រមាណ១២០នាក់ មកពីភូមិត្រពាំងឈូក និង ភូមិដូនប៉ែន ក្នុងឃុំបឹង ស្រុកបារាយណ៏ ខេត្ដ កំពង់ធំ ស្ថិតិដែលនឹងត្រូវទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ ខណៈអ្នកដែលបានទទួលអំណោយសរុប ថ្ងៃនេះ មានដល់១៥៦នាក់លើសពីស្ថិតិ ជាក់ស្តែង ព្រោះមានការ រាប់បញ្ចូលទាំងជនក្រីក្រ និងជនពិការផងដែរក្នុងម្នាក់ៗបានទទួលថវិកា ៥ម៉ឺនរៀល និងកញ្ចប់គ្រឿងឧបភោគបរិភោគរួមមាន ម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម ត្រីខ ៦កំប៉ុង ស្ករសរ១ គីឡូ,មី១០កញ្ចប់ ,ទឹកត្រី២ដប ,ទឹកស៊ីអ៊ីវ២ដប។
ពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានលោក អូស្មាន ហាស្សាន់ និងលោកស្រី ក្នុងនាមជាម្ចាស់គម្រោងបានអញ្ជើញសំណេះសំណាលនិងធ្វើការប្រគល់ដោយផ្ទាល់
កាលពីរសៀលថ្ងៃសៅរ៏ ១៣ កើ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណព្រះវិហារឥស្លាមភូមិត្រពាំងឈូក ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ គម្រោង ឧបត្ថម្ភជនចាស់ជរា គឺត្រូវបានកំណត់ជ្រើសរើស ចាប់ពីអាយុ ៧៥ឆ្នាំឡើងទៅ រួមទាំងជនពិការគ្មានទីពឹង ខណៈចាស់ជនចាស់ជរា ដែលបានដកស្រង់ពីភូមិទាំងពីរខាងលើ គឺមានអាយុចន្លោះពី ៧៥ឆ្នាំ មានរហូតដល់ ១១២ឆ្នាំ ឯណ្ណោះ ។
លោកអូស្មាន ហាស្សាន់ បានលើកឡើងថា៖ ទោះបីជាការឧបត្ថម្ភនេះមិនច្រើននោះឡើយ ប៉ុន្តែនេះជាទង្វើរមនុស្សធម៌ដែលរូបលោក និងសហការីនឹងអនុវត្តជាបន្តបន្ទាប់ជាប្រចាំខែតែម្តង ដើម្បីដោះស្រាយទុកលំបាកខ្លះរបស់លោកតាលោកយាយចាស់ជរា ត្បិតវាក៏អាចថា យ៉ាងហោចណាស់ក៏ជាការ ប៉ៅដល់លោកតាលោកយាយ សម្រាប់អាហារមួយពេលអោយឆ្ងាញ់មាតម្ដង់ផងដែរ។ លោកបន្តថា ៖ ក្នុងយុទ្ឋនការដំបូង នេះ លោកចាប់យកឃុំបឹងជាគម្រោងដំបូង ហើយនឹងមាន បន្តសម្រាប់ខេត្តកំពង់ធំទាំងមូល រួចនិងបន្ដ ទៅខេត្ត នានាជាច្រើនទៀត។
លោកបញ្ជាក់ថា ៖ នេះជាគម្រោង មនុស្សធម៌ដែលមានភាពងាយស្រួល និងបើកចំហដល់សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ចាប់ផ្តើមងាកមកយកចិត្តទុកដាក់ពីសុខទុក្ខរបស់ចាស់ជនចាស់ជរា ហើយគម្រោងមួយនេះ គឺជាទង្វើមនុស្សធម៌ដែលសាមញ្ញ មិនតម្រូវសម្រាប់តែអ្នកមានលទ្ឋភាពនិងជីវភាពខ្ពង់ខ្ពស់នោះទេ ព្រោះយើងទទួលអ្នកចូលរួមបដិភាគចាប់ពីម្នាក់ឡើងទៅតាមលទ្ឋភាព សប្បុរសជន អាចចូលរួមបដិភាគ៣ម៉ឺនរៀលឡើងក្នុង១ខែ។ ក្នុងនាមអ្នកផ្តួចផ្តើមគម្រោងនេះឡើង លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាប់ដល់សាធារណជនអោយងាកមកចូលរួមក្នុងវប្បធម៌ចែករម្លែក ទោះតិចរឺច្រើនក្តី ព្រោះការបរិច្ចាក ការចែករម្លែកនេះ គឺជាវប្បធម៌ល្អមួយ ដែលញ៉ាំងអោយបុគ្គលមួយមានសេចក្តីសុខ ទាំង កាយនិងផ្លូវចិត្តនិងដឹកនាំសង្គមមួយអោយកាន់តែមានសន្តិភាព សុខដមរមនា ៕ ដោយ៖ សំរិត
...