ភ្នំពេញ៖ អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្តេជ្ញាចិត្ត នឹងរំដោះផ្ទៃដីចម្ការមីន ដែលមិនទាន់ផ្ទុះ ឲ្យបានជាង ១១៧គីឡូម៉ែត្រការ៉េ នៅទូទាំងប្រទេស នៅឆ្នាំ២០១៨ ខណៈនៅឆ្នាំ២០១៧ ការបោសសម្អាតមីន បានលទ្ធផលគួរឲ្យកត់សម្គាល់។
យោងតាមហ្វេសប៊ុក របស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ ឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នេះថា ឆ្នាំ២០១៨នេះ នឹងនាំមកជាមួយក្តីសង្ឃឹម ភាពជឿជាក់ សំពាយភារកិច្ច និងការងារ ដែលត្រូវទទួលខុសត្រូវ យ៉ាងច្រើនធំធេងបន្ថែមទៀត។កាលឆ្នាំ២០១៧ អង្គភាពស៊ីម៉ាក់ សម្រេចបោសសម្អាតដីមានគ្រាប់មីន និង ផ្ទៃដីចម្ការគ្រាប់ បានចំនួន ៨.៦៣៦ហិកតា និងរុករកកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួន ៣៧.៤៤៨ គ្រាប់។
លោកហេង រតនា បញ្ជាក់ថា ដោយឡែក វិស័យមីនត្រូវឈានចូលដំណាក់កាលថ្មី ដែលត្រូវវាយសម្រុក បោសសម្អាតគ្រាប់មីនឲ្យវិនាស ចេញពីមាតុភូមិដ៏ស្រស់បវរ របស់ប្រជាជាតិទាំងមូល ហើយស៊ីម៉ាក់មានផែនការទទួលភារកិច្ច នៃផែនការជាតិប្រមាណជា ៦៥ភាគរយ ទៅ៧០ភាគរយ ក្នុងការបោសសម្អាតផ្ទៃដីសរុប។ ដូចនេះស៊ីម៉ាក់ នឹងបន្តតួនាទីជាឆ្អឹងខ្នង ក្នុងការសម្រេចជោគជ័យ ផែនការជាតិមួយនេះ។
លោកបញ្ជាក់ថា “ក្នុងឆ្នាំ២០១៨ ស៊ីម៉ាក់មានភារកិច្ច រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួនជាង១១៧ គីឡូម៉ែត្រការ៉េ និងធ្វើសកម្មភាពសំខាន់ ជាច្រើនទៀត មានដូចជា ស្រាវជ្រាវព័ត៌មានចម្ការមីន ការអប់រំនិងពង្រឹងបណ្តាញស្ម័គ្រចិត្តតាមភូមិ ចំនួន៧០០ភូមិគោលដៅ ការងារហ្វឹកហ្វឺន ព្រមទាំងការជួយសង្គ្រោះ ជនពិការដោយសារមីនជាដើម”។
លោក ហេង រតនា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រ បោសសម្អាតមីន ប្រឆាំងមនុស្សឲ្យអស់ត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយជាអតិបរិមា នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាជន និងសង្គមជាតិទាំងមូលផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧ ស៊ីម៉ាក់បានឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ ដោយមាន ការសម្របសម្រួលពីកម្លាំងនគរបាល តាមប៉ុស្តិ៍គ្រប់មូលដ្ឋានទូទាំងប្រទេសជិត៨០០០ករណី ហើយប្រមូលនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់ប្រភេទជាង២ម៉ឺនគ្រាប់ ដែលនេះជាលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់មួយ ៕
ដោយ៖ ប្រាថ្នា