ខេត្តកណ្ដាល ៖ បុរសម្នាក់ជិម៉ូតូទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតបើកស្រប់ទិសគ្នា បណ្ដាលឲ្យដួលត្រូវរថយន្ដបើកច្រាស់ទិសគ្នាបុក បណ្ដាលឲ្យស្លាប់ ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តណ្ដាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ឈ្មោះ អ៊ូ ជន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបង្កើយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាគប់មូល ធុនសេ៥០ ពណ៌ទឹកប៊ិចចាស់ គ្មានពាក់ស្លាកលេខ ។ ចំណែកឯរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទយ៉ីឌុប (បែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6326 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ
រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូបានធ្វើដំណើរពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងជិះនៅខាងមុខ បណ្ដាលឲ្យដួល ខណៈដែលដួលនោះផងដែរ ក៏មានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3B-6326បើកក្នុងទិសដៅច្រាសទិសគ្នា បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង និងអូសម៉ូតូជនរងគ្រោះប្រមាណជាង១៤ម៉ែត្រ ទើបឈប់រថយន្ដ រួចទុករថយន្ដចោលរត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យជនរងគ្រោះទទួលរងបួសធ្ងន់ តែជាអកុសលជនរងគ្រោះបានដាច់ខ្យលស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការអន្ដរាគមន៍ពិនិត្យនិងវាស់វែងមធ្យោបាយដែលពាក់ព័ន្ធទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សេក្តីសន្និដ្ឋានបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តបើកបរ ខ្វះការប្រុងប្រយ័ត្ន មិនមានភាពជាម្ចាស់ការលើខ្លួនឯងក្នុងការបើកបរ ទើបបានជាបុកជនរងគ្រោះអូសប្រមាណជាង១៤ម៉ែត្រ ទទួលរងរបួសធ្ងន់រហូតដល់ស្លាប់យ៉ាងដូច្នេះ ៕ ស្អាងជ័យ