ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកស្អាងធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់និងធ្វើការដកហូតថ្នាំញៀនចំនួន២៧កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនខាងលើនេះធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង១០នាទី ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គល់ ហេង ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកវត្ថុតាងចាប់យកបានមាន៖ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៧កញ្ចប់ (ធំ ០១កញ្ចប់ , មធ្យម ០៩កញ្ចប់ និងតូច ១៧កញ្ចប់) ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងឃុំព្រែកគយ ស្រុកស្អាង ដែលសមត្ថកិច្ចបានតាមដាននិងកំណត់ជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចទទួលបានព័ត៍មានថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុខាងលើ ភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានទៅដល់ចំណុចកើតហេតុ។
ដោយទទួលបានបទបញ្ជាពីលោក ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ គល់ ហេង បានឃើញមាន វត្ថុតាងក៍បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ