ឈ្មួញឈើគ្រញូងជើងខ្លាំង ដែលបោកគ្រាប់បែកចូលផ្ទះព្រះរាជអាជ្ញាក្នុងខេត្តកំពង់ធំកាល៣ឆ្នាំមុន ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖  មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ិត សុធា ព្រះរាអាជ្ញាអបសាលាដំបូងខេត្តកំពង់ធំ បានចុះចាប់ឈ្មួញឈើគ្រញូងជើងខ្លាំងមួយរូប និងជាអ្នកធ្វើសកម្មភាពបោកគ្រាប់បែកចូលផ្ទះព្រះរាជអាជ្ញាខេត្តកំពង់ធំ កាលពី៣ឆ្នាំមុននោះ អស់លក្ខណ៍ហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃ ថ្ងៃព្រហស្បហ៍ ទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចច្រក​អានសេះ ព្រំប្រទល់កម្ពុជា-ថៃ ក្នុង ខេត្តព្រះវិហារ ។

ការចាប់ខ្លួនជនត្រូវចោទរូបនេះ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសធំៗ​ចំនួន៣ករណី ៖

ដីកាទី១- យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ របស់លោក ហេង ចន្ទស៊ីបូរិន ចៅក្រមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ឈ្មោះ សន ប៉ុន ត្រូវបានតុលារការខេត្តកំពង់ធំផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទដឹកជញ្ជូន និងប្រមូលផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ដីកាទី២-  ដីកាបង្គាប់ឲ្យចាប់ខ្លួនមួយទៀត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ របស់លោក សេង ប៊ុណ្ណា ចៅក្រមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ជននេះត្រូវតុលាការផ្តន្ទាទោសពី​បទ​ប៉ុកប៉ងឃាតកម្មប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស និងពីបទប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាតិ។

ករណីទី៣ –ពាក់ព័ន្ធការបោកគ្រាប់បែកចូលផ្ទះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង មិនទាន់ដាក់ចូលក្នុងដីកានៅឡើយ។

លោក អ៊ិត សុធា  ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានអោយដឹងថា ឈ្មួញឈើគ្រញូង​ម្នាក់​នេះឈ្មោះ សន ប៉ុន ហៅ សន ប៉ន អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធា មានសកម្មបំផុតក្នុងការដឹកឈើគ្រញូងទៅលក់ឲ្យឈ្មួញវៀត​ណាម ហើយក៏ជាជើងខ្លាំង ដ៏ល្បីល្បាញដែល សមត្ថកិច្ចតាមប្រម៉ាញជាង៣ឆ្នាំមកហើយ ។

ជនត្រូវចោទរូបនេះ ជាប់ពាក់ព័ន្ធបទល្មើស៣ករណី ទី១- ពេលសមត្ថកិច្ចចុះបង្រ្កាប់ បែរជាទាញកាំភ្លើងបាញ់សមត្ថកិច្ច  ទី២- ករណីបោកគ្រាប់បែកចូលផ្ទះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង និងទី៣- ពីបទដឹកជញ្ជូន និងប្រមូលផល-អនុផលព្រៃឈើដោយគ្មានលិខិត អនុញ្ញាត   ។

គួរកត់សម្គាល់ថា ការយឺតយូរក្នុងការអនុវត្តនីតិវិធីរហូតមកដល់ពេលនេះ គឺដោយសារ ជនល្មើសជាមិត្តភ័ក្ភជាមួយ សមត្ថកិច្ចនៅខេត្តកំពង់ធំ  ទើបយើងមិនអាចចាប់បាន  តែចំពោះអ្នកប្រព្រឹត្តបទល្មើសដឹកឈើគ្រញូងនៅខេត្តកំពង់ធំ គង់តែចាប់បាន គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ៕  ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print