ខេត្តកណ្តាល ៖ ទោះបីជនបង្កនៅពុំទាន់ចាប់ខ្លួនក៏ដោយ តែនៅពេលនេះមានអ្នកចេញមុខដើម្បីដោះស្រាយបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យយុវជនបីនាក់ស្លាប់នៅក្រុងតាខ្មៅ។
ប៉ូលិសខេត្តកណ្តាល និយាយនៅថ្ងៃទី១៣ ខែមករា ថា មានអ្នកតំណាងម្នាក់មកប្រាប់សមត្ថកិច្ចថា បានដោះស្រាយសំណងជាមួយគ្រួសារជនរងគ្រោះពីរគ្រួសាររួចហើយ នៅសល់មួយគ្រួសារទៀត ។ ពេលដោះស្រាយសំណងរួចរាល់ទាំងអស់ហើយ អ្នកតំណាងរូបនេះនឹងចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ច ។
អ្នកច្បាប់និយាយថា សំណងរដ្ឋប្បវេណីមិនអាចរំលត់បណ្តឹងអាជ្ញាបានទេ ។ ដូច្នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ជាម្ចាស់បណ្តឹងអាជ្ញា គប្បីចាត់ការសំណុំរឿងនេះដោយតម្លាភាព ព្រោះជីវិតមនុស្សបីនាក់ បានស្លាប់យ៉ាងអាណោធអាធ័ម ហើយជនបង្កគ្មានការទទួលខុសត្រូវឡើយ ពោលគឺបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។ នេះដោយសារបន្សល់ទុករថយន្តបង្កនៅកន្លែង កើតហេតុប្រសិនបើគ្មានរថយន្តនេះ ក៏គ្មានតម្រុយណាមួយស្រាវជ្រាវរកជនបង្កឡើយ។
ថ្មីៗនេះនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ចុះទៅទីស្នាក់ការភូមិទ្រាទី១ ដើម្បីឆែករកឈ្មោះ សោម រតនៈ ដែលកម្លាំងបានរកឃើញតាមប្រព័ន្ធគ្រប់គ្រងយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។ ប៉ុន្តែមិនមានឈ្មោះនេះ ក្នុងមូលដ្ឋាននោះទេ ។
ប៉ូលិសដដែល អះអាងថា សមត្ថកិច្ចនឹងចាត់បញ្ជូនមន្ត្រីជំនាញទៅសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអាសយដ្ឋានរបស់ឈ្មោះ សោម រតនៈ ។
ប៉ូលិសនិយាយថា ឈ្មោះ សោម រតនៈ ប្រឈមបទល្មើស រត់គេចពីការទទួលខុសត្រូវ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា យុវជនបីនាក់ បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ។
មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើបមួហគ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូមួយគ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅលាយស អត់ផ្លាកលេខ ។ ប៉ុន្តែមិនផុតក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនបីនាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀត បានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួនតាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន៕ចេស្តា