ភ្នំពេញ ៖ មន្ត្រីតុលាការ ថ្លែងថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនបុរសម្នាក់ដែលឆបោកប្រាក់អ្នកដទៃ តាមរូបភាពរត់ការចូលក្របខ័ណ្ឌយោធា តែមិនបានសម្រេច។
ថ្មីៗនេះ លោក ម៉េង តូនី ចៅក្រមស៊ើបសួរ ក៏សម្រេចមិនឃុំខ្លួនថៅកែហាងលក់សំបកកង់រថយន្តដែលវាយបុរសម្នាក់របួសធ្ងន់ ដែលជនរងគ្រោះអះអាងថាជាការសម្រេចដោយអយុត្តិធម៌ ខណៈជនរងគ្រោះគ្មានទទួលសំណងសូម្បីមួយរៀល ។
មន្ត្រីតុលាការថ្លែងថា លោកចៅក្រម ថាន់ ឡេង សម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ អាយុ៤២ឆ្នាំ មានអាសយដ្ឋានលេខ 8DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជននេះត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
នគរបាលបង្ហើបឱ្យដឹងថា កាលពីឆ្នាំ២០១៦ ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានទទួលយកប្រាក់ពីមនុស្សពីរនាក់ ក្នុងម្នាក់ចំនួន១២ ០០០ដុល្លារ ដោយធានារត់ការឱ្យបានចូលក្របខ័ណ្ឌយោធា ។ ឈ្មោះ នេះ សន្យាថា បើកាលណារត់ការមិនបានគេនឹងប្រគល់ប្រាក់មួយគុណនឹងពីរដងចំនួនប្រាក់ដើម ។
ក្រោយទទួលយកប្រាក់ហើយដល់ថ្ងៃកំណត់មកដល់មិនឃើញបានក្របខ័ណ្ឌស្អីសោះ ព្រមទាំងបាត់ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ មិនឃើញនៅផ្ទះទៀត ទើបអ្នកប្រគល់ប្រាក់ឱ្យដាក់ពាក្យប្ដឹងតែម្ដង ។
ពាក់ព័ន្ធករណីនេះ ពុំអាចទាក់ទងសុំការបញ្ជាក់ពីលោកចៅក្រម ថាន់ ឡេង បានទេ ដោយសារទូរស័ព្ទចូលហើយ ឆ្លើយថាច្រឡំលេខ៕ចេស្តា
...