ចៅក្រម​ថាន់​ ឡេង​ សម្រេច​មិនឃុំខ្លួន​បុរស​ម្នាក់​ដែល​ឆបោក​ប្រាក់​ តាម​រូបភាព​រត់ការ​ចូល​ក្របខ័ណ្ឌ​យោធា​

ចែករំលែក៖

ភ្នំពេញ​ ៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ឆបោក​ប្រាក់​អ្នក​ដទៃ​ តាម​រូបភាព​រត់ការ​ចូល​ក្របខ័ណ្ឌ​យោធា​ តែ​មិន​បាន​សម្រេច​។

ថ្មីៗ​នេះ​ លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើបសួរ​ ក៏​សម្រេច​មិន​ឃុំ​ខ្លួន​ថៅកែ​ហាង​លក់​សំបក​កង់​រថយន្ត​ដែល​វាយ​បុរស​ម្នាក់​របួស​ធ្ងន់​ ដែល​ជនរងគ្រោះ​អះអាង​ថា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌​ ខណៈ​ជនរងគ្រោះ​គ្មាន​ទទួល​សំណង​សូម្បី​មួយ​រៀល​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ លោក​ចៅក្រម​ ថាន់​ ឡេង​ សម្រេច​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ ជុំ ប៊ុន្នីវុឍ្ឍ អាយុ៤២ឆ្នាំ មាន​អាសយ​ដ្ឋានលេខ 8DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ ។

ជននេះ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​លោក​ ថាន់​ ឡេង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

នគរបាល​បង្ហើប​ឱ្យ​ដឹង​ថា​  កាលពីឆ្នាំ២០១៦ ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានទទួលយកប្រាក់ពីមនុស្សពីរ​នាក់ ក្នុងម្នាក់​ចំនួន​១២ ០០០ដុល្លារ ដោយធានារត់ការឱ្យបានចូល​ក្របខ័ណ្ឌ​យោធា​ ។ ឈ្មោះ​ នេះ​ សន្យា​ថា​ បើកាលណារត់ការមិនបានគេ​នឹងប្រគល់ប្រាក់មួយគុណនឹង​ពីរដងចំនួនប្រាក់ដើម ។

ក្រោយទទួលយកប្រាក់ហើយដល់ថ្ងៃកំណត់មកដល់មិនឃើញបានក្របខ័ណ្ឌស្អីសោះ ព្រមទាំងបាត់ឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ មិនឃើញនៅផ្ទះទៀត ទើបអ្នកប្រគល់ប្រាក់​ឱ្យ​ដាក់ពាក្យប្ដឹងតែម្ដង ។

ពាក់ព័ន្ធ​ករណី​នេះ​ ពុំ​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក​ចៅក្រម​ ថាន់​ ឡេង​ បាន​ទេ​ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​ ឆ្លើយ​ថា​ច្រឡំ​លេខ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print