អភិបាលរាជធានី ចុះសួរសុខទុក្ខនិងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារកុមារា២នាក់រងរបួសដោយអគ្គិភ័យនៅសង្កាត់ផ្សារចាស់

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អមដំណើរដោយអភិបាលខណ្ឌដូនពេញផង កាលពីល្ងាចថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨បាន ចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន៤លានរៀល ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកុមារាទាំង២នាក់ ដែលជួបគ្រោះអគ្គិភ័យ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ ខណៈដែលពួកគាត់កំពុងសម្រាកព្យាបាលនៅទីនោះ។
ក្នុងឱកាសនោះ លោកអភិបាល បានសាកសួរសុខទុក្ខក្មេង និងឪពុកម្តាយក្មេងទាំង០២នាក់ អំពីស្ថានភាពជំងឺបន្ទាប់មក លោកអភិបាលរាជធានីភ្នំពេញ បានយកអំណោយសម្តេចតេជោ និងសម្តេចក្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកុមាររងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២លានរៀល សរុប៤លានរៀលថវិកា របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ៥០ម៉ឺនរៀល សរុបចំនួន១លានរៀល និងថវិកាសាលាសង្កាត់ផ្សារចាស់ចំនួន១៥ម៉ឺនរៀលក្នុងមួយគ្រួសារ សរុបចំនួន៣០ម៉ឺនរៀលផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្តម្ភថវិកាចំនួន៤លានរៀល ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះជីវិតកុមារទាំង២នាក់ និង ទប់ស្កាត់ការឆេះរាល់ដាលដល់ផ្ទះមួយផ្សេងទៀត។ ក្នុងនោះដែរ កម្លាំងដែលជួយអន្តរាគមន៍សរុបចំនួន៥៥នាក់ លោកអភិបាលខណ្ឌដូនពេញ ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២,១៥០,០០០រៀល ដោយបែងចែកដូចខាងក្រោម ឧបត្ថម្ភកម្លាំងប្រជាការពារខណ្ឌ ទៅជួយក្មេងចេញពីក្នុងផ្ទះ និងជូនទៅមន្ទីរពេទ្យចំនួន០៣នាក់ក្នុងម្នាក់ៗ ថវិកាចំនួន២០ម៉ឺនរៀល។កម្លាំងប៉ុស្តិ៍ផ្សារចាស់ ដែលចូលទៅជួយក្មេង នៅក្នុងផ្ទះចំនួន០១នាក់ ថវិកាចំនួន២០ម៉ឺនរៀល។កម្លាំងសាលាសង្កាត់ផ្សារចាស់ចំនួន០២នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀល ។កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំនួន៤៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល សរុបរួមថវិកាចំនួន ៦,១០០,០០០រៀល។
សូមបញ្ជាក់​ថា​៖ នៅ​រសៀល ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​២០​នាទី មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន​ប្រជាពលរដ្ឋ​ នៅ​ចំណុច​ផ្ទះ​លេខ ២៧​អឺ​៤​ហ្សិត ផ្លូវ​លេខ​១៩ ភូមិ​១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ដែលមាន​ម្ចាស់​ឈ្មោះ​ផាន់ សារ៉េត ភេទ​ប្រុស បាន​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន និងបានធ្វើអោយក្មេង​​ ០២​នាក់ រង​របួស​ធ្ងន់​ដោយសារ​រលាកភ្លើង​ធ្ងន់ធ្ងរ ក្រោយពីកម្លាំងសមត្ថកិច្ចសម្រេចវាយ​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង ដើម្បី​ជួយសង្គ្រោះ​ក្មេង​​​ទាំង០២​នាក់ ដែល​ជាប់​ក្នុង​ផ្ទះ​កើតហេតុ​បាន​ដោយ​ជោគជ័យ ។ក្មេងរងគ្រោះទាំង២ ទី​១-​មានឈ្មោះ ផាន់ សុខ​សំណាង ភេទ​ប្រុស អាយុ ៥​ឆ្នាំ ម្តាយ​ឈ្មោះ ឆៃ សុខលី និង​ឪពុក​ឈ្មោះ រឿង រឿ​ម ២-​មានឈ្មោះ ផាន់ ភា​ង​ចិន ភេទ​ប្រុស អាយុ ៥​ឆ្នាំ ម្តាយ​ឈ្មោះ ផាំង ស្រី​ណេ​ត និង ឪពុក​ឈ្មោះ ភា​ង ស៊ី​ធូ។​
ចំពោះមូលហេតុ​ដែល បណ្ដាល​ឲ្យមានអគ្គីភ័យខាងលើ គឺដោយសារតែ​លោកយាយ​របស់ក្មេងទាំង២ទៅផ្សារ​ទិញ ​ម្ហូប​ ដោយទុក​ចៅ​ទាំងពីរ​នាក់​នៅ​ក្នុង​ផ្ទះ​និងបានចាក់សោពី​​ខាងក្រៅទៀត ហើយ​ ​ក្មេង​ទាំងពីរ​នាក់​ក៏បាន​ នាំគ្នា​យក​ដែកកេះ​អុច​គ្នា​លេងទៅវិញទៅមក ​ប៉ះ​នឹង​របស់​ងាយ​ឆេះ​ក៏​កើតជា​អណ្តាត​ភ្លើង​បង្កអោយមានមហន្តរាយបែបនេះតែម្តង៕

ដោយ៖ សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print