មេធាវី​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ក្រោយ​ចៅក្រម​មិន​អនុញ្ញាត​ឱ្យ​លោក​ កឹម​ សុខា​ នៅ​ក្រៅ​ឃុំ​

ចែករំលែក៖

ភ្នំពេញ​ ៖ ​មេធាវី​ការពារ​ក្ដី​ជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បន្ទាប់​​ពី​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​អនុញ្ញាត​ឱ្យ​លោកកឹម​ សុខា​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ នោះ​។

មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ គឺលោក​ ហែម​ សុជាតិ​ ថ្លែង​ប ថា​ នៅ​ថ្ងៃនេះ​មេធាវី​នឹង​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដើម្បី​ឱ្យ​សាលាឧទ្ធរណ៍​ ពិចារណា​ដោះលែង​លោក​ កឹម​ សុខា​ ឱ្យ​បាន​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្និដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕

ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print