ភ្នំពេញ៖ ដេនី ក្វាន់ ត្រៀមបញ្ចេញលុយខ្ទស់សែនដុល្លារអាមេរិកដើម្បីបើកដំណើរការផលិតកម្មថតភាពយន្តផ្ទាល់ខ្លួន។ ការបញ្ចេញទុននេះគឺគ្រោយពេលនាងជិតផុតការកំណត់បម្រាបរបស់ក្រសួងក្នុងពេលខាងមុខនេះ។
ដេនីក្វាន់បានស្ងប់ស្ងាត់ពីវិស័យសិល្បៈអស់ជាច្រើនខែព្រោះជាប់បម្រាបក្រសួងក្រោយបញ្ចេញរូបភាពសិចស៊ីជ្រុល។ទោះជាយ៉ាង ពេលនេះគេលេចលឺថា តារាស្រីរូបនេះបើទោះបីជាបទពិសោធន៍នៃការថតភាពយន្តមិនប្រើនដូចសិល្បៈជំនាន់មុន ប៉ុន្តែ ដេនី ក្វាន់ បានយល់ច្រើនពីវិស័យសិល្បៈ ហើយក៏មានទំនាក់ទំនងស្អិតរមួតមួយចំនួនពីសិល្បករដែរ។ ប្រភពកៀកកិតជិតតារាស្រីល្បីរឿងសិចស៊ីរូបនេះបានទម្លាយថា ពេលនេះ ដេនី ក្វាន់បានរត់ការដើម្បីបើកផលិតកម្មផ្ទាល់ខ្លួនរួចហើយដោយចាយដើមទុនដំបូងជាងមួយសែនដុល្លារអាមេរិក។ ប្រភពដដែលលើកឡើងថា តារាស្រីរូបនេះនឹងចាប់ផ្តើមផលិតភាពយន្តក្នុងពេលដ៏ខ្លីខាងមុខពោលគឺក្រោយថ្ងៃកំណត់បញ្ចប់មម្រាបរបស់ក្រសួងមិនឲ្យនាងចេញមុខថតភាពយន្ត និងកម្មវិធីកម្សាន្តតាមកញ្ចក់ទូរទស្សន៍នោះ។ ប្រភពបន្តថា ការសម្រេចចិត្តបោះទុននេះក៏មានការជួយមើលការខុសត្រូវពិភាក្សាយោបល់ច្រើនពីអ្នកសិល្បៈ ពិសេសគូស្នេហ៍នាងដែលមានជំនាញផ្នែកផលិតភាពយន្ត ស្រាប់។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែងស្រីខាងលើបាននៅឡើយទេ ប៉ុន្តែអ្នកគៀកកិតជិតនាងនៅតែអះអាងថាដំណឹងនេះអាចជឿជាក់បានស្ទើរតែមួយរយភាគរយ។ ប្រភពដដែលលើកឡើងដែរថាការរត់ការបើកផលិតកម្មនេះទទួលបានលិខិតអនុញ្ញាតិពីក្រសួងពាក់ព័ន្ធរួចរាល់ហើយដែរ ហើយភាពយន្តដំបូងជាភាពយន្តកំប្លែង និងភ័យរន្ធត់ ហើយសិល្បករសម្រាប់សម្តែងរឿងនេះក៏ត្រូវបានគេធ្វើកិច្ចសន្យាថតបណ្តើរៗដែរ ហើយអាចនឹងមានវត្តមានម្ចាស់ផលិតកម្មចេញថតភាពយន្តនេះដែរ។
គួរបញ្ជាក់ដែរថា ក្រោមហេតុផលបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ ដេនី ក្វាន់ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការព្រមាន និងពិន័យឲ្យផ្អាកការងារសិល្បៈមួយឆ្នាំ។ ការព្រមានេះត្រូវបានធ្វើឡើងកាលពីចុងខែមេសាឆ្នាំ២០១៧កន្លងទៅនេះ ៕
ដោយ វឌ្ឍនា