ខេត្តពោធិ៍សាត់ ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀតជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ។
លោកស្រីក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ក្រុមការងារបានអោយដឹងថា៖ ១.ផ្ទះលេខ២៦០ ប្រគល់ជូនលោកយាយ មុី សំ អាយុ៧៤ឆ្នាំ និងលោកយាយ សោម យិន រស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២.ផ្ទះលេខ២៦១ ប្រគល់ជូនលោកយាយ ជឹម សែប អាយុ៧៣ឆ្នាំ រស់នៅភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អំណោយផ្ទះ ០២ខ្នងខាងលើជាអំណោយសប្បុរសជន លោកជំទាវ ឡៅ គឹមណៃ ព្រមទាំងក្រុមគ្រួសារ។
ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួចំនួន។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជាសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ និងថវិកាមួយចំនួន។
ដោយឡែកទុរគតជនចំនួន ០២គ្រួសារផ្សេងទៀត រស់នៅក្នុងភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកសុី អុីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនធំ និងថវិកា៥០មុឺនរៀល។
កម្មវិធីផ្ទះទេវតា និងការងារមនុស្សធម៌ខាងលើនេះ មានការចូលរួមអមដំណើរពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារផងដែរ៕
ដោយ៖ សុខ ខេមរា