ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណះជិះម៉ូតូមិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ហើយបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២១និង៥០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១០៧ កែងផ្លូវលេខ២១៧ ក្នុងសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ៖នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរឺម៉ក ពាក់ស្លាកលេខ កណ្ដាល1C-7692 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ២១៧ (ហ្សាលដឺហ្គោល) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវលេខ១០៧ (ផ្លូវសុខហុក) ក៏ជ្រុលបុកជាមួយម៉ូតូម៉ាកស្កូបពី ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BH-4422 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ទិសដៅពីត្បូងមកជើងពេញទំហឹងបណ្ដាលអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។
ក្រោយពីកើតហេតុភ្លាមៗរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ស រស្មី