SCG (អេសស៊ីជី) ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ ២០១៧

ចែករំលែក៖

បាងកក ៖  ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន SCG (អេសស៊ីជី) ទទួលបានលទ្ធផលប្រតិបត្តិការគួរជាទីពេញចិត្ត។ ពេញចិត្តក៏ដោយសារតែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលចេះសម្របខ្លួនបានភ្លាមៗនៅចំពោះមុខបម្រែបម្រួលក្នុងទីផ្សារ និងតម្រូវការរបស់អតិថិជន ស្របពេលដែលក្រុមហ៊ុនក៏ត្រៀមរៀបចំពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនផងដែរ។

ថ្វីដ្បិតមានបញ្ហាប្រឈមមួយចំនួនដូចជា ការចំណាយលើវត្ថុធាតុដើម និងថាមពលតម្លៃប្រាក់បាតឡើងថ្លៃ និងការប្រកួតប្រជែងនៅក្នុងតំបន់ដែលនឹងកើតមាននៅឆ្នាំ ២០១៨ នេះក្តី ក្រុមហ៊ុននៅតែផ្ដោតលើយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនថ្មីផ្នែកឌីជីថល និងការជួយបំពាក់បំប៉នដល់និយោជិតឲ្យមានសមត្ថភាពសម្របសម្រួលខ្លួនទៅតាមបម្រែបម្រួលទីផ្សារ ក៏ដូចជា ការពង្រីកអាជីវកម្មសេវាកម្ម និងភស្តុភាររបស់ខ្លួន ដែលយុទ្ធសាស្ត្រនេះនឹងជួយឲ្យ SCG នៅតែមានសមត្ថភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ាន បានរីកចម្រើនស្របទៅតាមផែនការ។

លោក Roongrote Rangsiyopash ប្រធាន និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្ម សម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួច បានកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ដោយមានទំហំទឹកប្រាក់ ៥៣.៦៨១ ពាន់លានរៀល (១៣.២៨៦ លានដុល្លារសហរដ្ឋអាមេរិក) ដែលបានកើនឡើងដោយសារតែតម្លៃនៃវត្ថុធាតុគីមីបានកើនខ្ពស់។ ចំណែកឯប្រាក់ចំណេញក្នុងរយៈកាលមួយឆ្នាំនេះ គឺមានចំនួន ៦.៥៥៣ ពាន់លានរៀល (១.៦២២ លានដុល្លារសហរដ្ឋអាមេរិក) ដោយបានការធ្លាក់ចុះ ២% បើធៀបនឹងឆ្នាំ ២០១៦ ដែលការធ្លាក់ចុះនេះ គឺដោយសារតែមានការប្រកួតប្រជែងខ្លាំងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍ និងបរិក្ខារសំណង់។ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ប្រាក់ចំណូលពីការលក់បានកើនឡើង ១៤% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំ ២០១៦ ដោយមានទំហំទឹកប្រាក់ ១៣.៨២៩ ពាន់លានរៀល (៣.៤៤២ លានដុល្លារសហរដ្ឋអាមេរិក) ដែលកំណើននេះគឺដោយសារតែតម្លៃផលិតផលគីមីបានកើនខ្ពស់។ ប្រាក់ចំណូលនៅត្រីមាសទី ៤ បានកើនឡើងបន្តិច គឺ ១% បើធៀបនឹងត្រីមាសទី ៣។

ចំណែកឯប្រាក់ចំណេញនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧នោះ គឺមានចំនួន ១.៥៣៣ ពាន់លានរៀល (៣៨១ លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ និងបានកើនឡើង ៦% បើធៀបនឹងត្រីមាសទី ៣។នៅក្នុងទីផ្សារកម្ពុជា ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន SCG នៅត្រីមាសទី ៤ នៃឆ្នាំ ២០១៧ មានទំហំទឹកប្រាក់ ៣៦៥ ពាន់លានរៀល (៩១ លានដុល្លារសហរដ្ឋអាមេរិក) ដែលរាប់បញ្ចូលទាំងការលក់ផលិតផលចេញពីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាផង និងការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃផង។

នេះជាការកើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ជាពិសេស កំណើននេះគឺដោយសារតែប្រតិបត្តិការរបស់រោងចក្រស៊ីម៉ង់ត៍នៅក្នុងខេត្តកំពត។ ប្រាក់ចំណូលពីការលក់នៅក្នុងឆ្នាំ ២០១៧ គឺមានទំហំទឹកប្រាក់ ១.៣៩២ ពាន់លានរៀល (៣៤៤ លានដុល្លារសហរដ្ឋអាមេរិក)។ទីផ្សារប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវការលូតលាស់ជាលំដាប់ បើធៀបទៅនឹងឆ្នាំមុន ដោយសារតែគម្រោងសំណង់លំនៅដ្ឋាន និងសំណង់អាជីវកម្មមានការកើនឡើង ខណៈដែលមានការពង្រីកក្រុងនានា ដូចជារាជធានីភ្នំពេញ និងក្រុងសៀមរាបជាដើម។ នៅចំពោះមុខការប្រកួតប្រជែងខ្លាំងក្លាក្នុងអាជីវកម្មសម្ភារសំណង់ ក្រុមហ៊ុន SCG បានបន្តអភិវឌ្ឍផលិតផល និងសេវាបន្ថែមលើតម្លៃខ្ពស់ ដើម្បីទទួលបាននូវសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរជាងមុន៕ ដោយ វឌ្ឍនា

Microsoft Office 2000

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print