តុលាការឃុំខ្លួន, បុរសម្នាក់យកលុយដុល្លារក្លែងក្លាយជិត៣០០០ដុល្លារមកបន្លំទិញឥវ៉ាន់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់យកលុយដុល្លារក្លែងក្លាយជិត៣០០០​ដុល្លារមកបន្លំទិញឥវ៉ាន់នៅក្រុងតាខ្មៅ បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ”ដាក់ឲធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយបណ្ណក្លែង” ប្រព្រឹត្តនៅក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៦៤៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់) ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា៖បុរសម្នាក់បានជិះរថយន្ដមួយគ្រឿងធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយបន្លំទិញឥវ៉ាន់របស់ប្រជាពលរដ្ឋជាអាជីវករជាបន្ដបន្ទាប់គ្នា ចុងក្រោយបែកការត្រូវពលរដ្ឋជាអាជីវករប្ដឹងសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួន នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលក់ភេសជ្ជៈ ស្ថិតក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមាន៣នាក់ទី១-ឈ្មោះ ផាវ សារិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរេ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ លឹម លីម ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣-ឈ្មោះ ម៉ន អៀង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ រថយន្ត១គ្រឿងម៉ាកTOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ,ប្រាក់ដុល្លារក្លែងក្លាយចំនួន២,៧០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់រៀលចំនួន១០២,៨០០រៀល ,ស្រាបៀរABCចំនួន៣កេស ,ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ ,អាគុយម៉ាកROCKETចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកLG ពណ៌ស ។

លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សឺ ប៊ុនទ្រី បានជិះរថយន្តម៉ាក TOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ពីធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយ ក្រដាស់១០ៗចំនួន២,៧០០ដុល្លារសហរដ្ឋអាមេរិក រួចចុះពីលើឡានទៅទិញស្រាបៀរនិងសាំងរបស់ជនរងគ្រោះចំនួន៣នាក់ដូចរៀបរាប់ខាងលើជាបន្តបន្ទាប់គ្នា ខណៈដែលទិញរួច ជនសង្ស័យក៏បានបើករថយន្ដចេញពីកន្លែងលក់ឆ្ពោះទៅទិញកន្លែងផ្សេងទៀត ។ ក្រោយមកជនរងគ្រោះបានដឹងថា ជនសង្ស័យទិញទំនិញរបស់ខ្លួនជាប្រាក់ដុល្លារក្លែងក្លាយ ភ្លាមនោះជនរងគ្រោះក៏តាមរកជនសង្ស័យឃើញនៅម្តុំផ្សារព្រែកហូរ ភ្លាមនើក៏បានឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។

លោកអធិការបញ្ជាក់ឲ្យដឹងថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានធ្វើការពិនិត្យនិងដកហូតវត្ថុតាងខាងលើ រួចបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកប្រាក់ដុល្លាក្លែងក្លាយទៅទិញទំនិញរបស់ជន​រងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់បានយកប្រាក់ដុល្លារក្លែងក្លាយចំនួន១០០ដុល្លារនោះយកមកប្ដូរប្រាក់​រៀលម្ដងរួចមកហើយ កាលពីថ្ងៃទី១៩ ខែឆ្នាំដដែល នៅចំណុចស្តុបស្ពានព្រែកហូរ ។ ចំពោះប្រាក់ដុល្លារក្លែង​ក្លាយ​ទាំងនោះគឺខ្លួនបានមកពីជនម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print