ថៅកែជនជាតិកូរ៉េ ធ្វើបាបពលការិនីខ្មែរ៣នាក់យ៉ាងធ្ងន់ធ្ងរ ស្ថានទូតខ្មែរប្រចាំកូរ៉េ ជួយសង្គ្រោះ និងជួយរកកន្លែងធ្វើការថ្មី

ចែករំលែក៖

កូរ៉េខាងត្បូង៖ ប្រភពព័ត៌មានពីស្ថានទូតខ្មែរប្រចាំកូរ៉េឲ្យដឹងថា នាពេលថ្មីនេះ ពលការិនីខ្មែរ​ចំនួន​៣​នាក់ ដែលកំពុងបម្រើការងារផ្នែកកសិកម្មនៅតំបន់មីលយ៉ាង ប្រទេសកូរ៉េខាងត្បូង បានរងនូវការធ្វើបាបយ៉ាងខ្លាំងពីថៅកែ ដោយរំលោភបំពានរាងកាយធ្ងន់ធ្ងរ ប៉ុន្តែនៅពេលនេះ ត្រូវបានក្រុមការងាររបស់ស្ថានទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង ជួយធ្វើអន្តរាគមន៍បានហើយ និងកំពុងជួយរកកន្លែងធ្វើការថ្មីឲ្យពួកគាត់ធ្វើទៀត ។

ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀល​ថ្ងៃសុក្រ​១០កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨​នេះ​ថា បន្ទាប់ពីទទួលបានព័ត៌មានតាមការចែកចាយបន្ដគ្នា តាមបណ្ដាញសង្គម​ហ្វេសប៊ុក ក្រុមការងារស្ថានទូតរបស់យើង បានចុះសាកសួរព័ត៌មាន និងសុខទុក្ខបងប្អូនពលការិនី​ទាំងនេះ ដែលមានឈ្មោះ ថៃ សម្ជស្ស, ងួន សារ៉ាត និង ឡេត សុខឡា ខណៈមានបញ្ហាការ​ងារ​​ធ្ងន់ធ្ងរជាមួយថៅកែ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្អូនស្រីទាំង៣នាក់ បានមកដល់ទីក្រុងស៊ូវ៉ុន ដោយសុវត្ថិភាពហើយ។ ទន្ទឹមនេះក្រុមការងារស្ថានទូត បានសហការជាមួយក្រុម​អ្នកច្បាប់​កូរ៉េ បានទាមទារឲ្យថៅកែស៊ីញ៉េ អនុញ្ញាតចេញដើម្បីប្ដូរកន្លែងការងារ ហើយពិនិត្យ​លទ្ធភាព​ផ្លូវច្បាប់ ដើម្បីរៀបចំដោះស្រាយតាមនីតិវិធី។ ប្អូនៗពលការិនីទាំង៣នាក់ ត្រូវបានក្រុមការងារ​ណែនាំឲ្យផ្ទះស្នាក់នៅ បណ្ដោះអាសន្នរបស់ក្រសួងការងារ និងស្ថានទូត ក្នុងអំឡុងពេលប្ដូរ​ការ​​​​ងារ ហើយថ្ងៃអាទិត្យ ឬថ្ងៃចន្ទសប្ដាហ៍នេះ ប្អូនស្រីទាំង៣នាក់ នឹងទៅដាក់ពាក្យរក​ការងារ​ថ្មី នៅតាមមជ្ឈមណ្ឌលគាំពារពលករបរទេស»វិញ។

ការចាត់ចែងរបស់ស្ថានទូតខ្មែរ នៅកូរ៉េខាងត្បូងនេះ ដោយយោងតាមខ្លឹមសារលើ​ហ្វេសប៊ុក​របស់ពលការិនីខ្មែរម្នាក់រៀបរាប់ពីភាពវេទនាណាស់ សម្រាប់រស់នៅធ្វើការជាមួយថៅកែ​ជនជាតិ​កូរ៉េរូបនេះ ដោយបានធ្វើបាបរហូតរំលោភបំពានរាងកាយ ដោយកេងប្រវ័ញ្ច​កម្លាំងពលកម្មការងារ ថែមទាំងហៅថៅកែរូបនេះថា ជាជនតិរច្ឆានទៀតផង ។ ក៏នៅមានការរៀបរាប់ភាពវេទនាជាច្រើនទៀតពីសំណាក់ពលការិនី២នាក់ទៀត ដែលធ្វើការនៅជាមួយថៅកែកែម្នាក់នេះដែរ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print