ខេត្តកំពង់ធំ ៖ កាលពីថ្ងៃអាទិត្យ ១២ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានបែកធ្លាយរឿងលោកសង្ឃប្រើអំពើហិង្សាលើកុមារាអភ័ព្វម្នាក់ដែលត្រូវឪពុកលែងលះគ្នាជាមួយម្តាយ ហើយម្តាយយកទៅផ្ញើឲ្យនៅបម្រើព្រះសង្ឃនៅក្នុងវត្តពោធិ៍ សិក្ខារាម ហៅវត្តស្លែង ស្ថិតនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដើម្បីបាន រៀនអក្សរ និងចេះធម៌ខ្លះៗ។ ប៉ុន្តែត្រូវ ព្រះសង្ឃមួយអង្គចោទថា បាន លួចលុយ ១០ម៉ឺនរៀលហើយវាយវាត់ជាំពេញខ្លួន ។
ករណីខាងលើនេះស្ត្រីម្នាក់ឈ្មោះ សាន សុខន អាយុ៣៥ឆ្នាំ រួមជាមួយនឹង សាច់ញាតិ រស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ត្រូវជាអ៊ំកុមារារងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ថា ក្មេងរងគ្រោះ ឈ្មោះ ថា ចំរើន អាយុ១០ឆ្នាំ ត្រូវជាក្មួយគាត់កំព្រាឪពុកដែលលែងលះជាមួយម្តាយ ដោយបន្សល់ទុកកូនៗចំនួន៥នាក់ ស្រី៤ នាក់ និងម្នាក់ទៀតប្រុសពៅដែលរងគ្រោះខាងលើនេះឯង។ ដោយសារជីវភាពម្តាយរបស់បានទៅធ្វើជាកម្មករនៅប្រទេសថៃបាត់ទៅហើយដោយផ្ញើកូនឲ្យរស់នៅជា មួយព្រះសង្ឃនៅក្នុងវត្តខាងលើ។ លុះមកដល់វេលាម៉ោង១០និង៣០នាទីយប់ចុងខែធ្នូ ឆ្នាំ២០១៧ក៏ត្រូវព្រះសង្ឃចាប់ចង វាយនឹងខ្សែភ្លើងបែកឈាមពេញខ្លួនដោយចោទថា កុមារារូបនេះបានលួចលុយលោក ចំនួន១០ម៉ឺនរៀល ។
ក្រោយពេលកើតហេតុរួចព្រះសង្ឃដៃ ដល់ និងព្រះចៅអធិការវត្តនាំគ្នាលាក់បាំងរឿងនេះមិនឲ្យសាច់ញាតិកុមារារងគ្រោះ និងសមត្ថកិច្ចដឹងនោះទេ។ លុះក្រោយមកម្តាយរបស់ក្មេងរងគ្រោះក៏បានទូរស័ព្ទសួរលោកអំពីសុខទុក្ខកូនរបស់នាង ហើយត្រូវបានលោកប្រាប់ថាវាសុខសប្បាយទេប៉ុន្តែវាចេញរមាស់ពេញខ្លួន និងដៃជើង។ ពេលឮដូច្នេះប្អូនស្រីទៅបងម្នាក់ទៀតឲ្យទៅវត្តស្លែងជួយមើលកូននាងផង។ នៅពេល ដែលបងស្រីតេទៅដល់វត្តឃើញជើងក្មួយ ប្រុសដំបៅ ហើយក៏លាត់អាវមើលខ្លួនក្មួយ ស្រាប់តែឃើញស្នាមរំពាត់វ៉ៃឡើងដំបៅពេញខ្នង។
ពេលបងស្រីឃើញក្មួយបែបនេះក៏ស្រក់ទឹកភ្នែកអាណិតក្មួយ ហើយក៏សួរនាំក្មួយទម្រាំតែគេហ៊ាននិយាយប្រាប់ថា ខ្លួនត្រូវព្រះសង្ឃវាយនឹងខ្សែភ្លើងប្រហែល៣០ ខ្សែភ្លើងដោយចោទថា វាលួចលុយលោក។ ពេលឃើញដូច្នេះគាត់ក៏សុំយកក្មួយពីវត្ត មកចាក់ថ្នាំ និងព្យួរសេរ៉ូមព្យាបាលរបួស ជិតជាដំបៅទៅហើយ។ រហូតមកដល់ថ្ងៃនេះម្តាយធំកុមារារងគ្រោះបានដាក់ពាក្យ បណ្តឹងទៅប៉ុស្តិ៍ហៅលោកមកដោះស្រាយ ហើយលោកសន្យាថានឹងសងថ្លៃថ្នាំចំនួន៤០ម៉ឺនរៀល ។
ជុំវិញបញ្ហាខាងលើព្រះចៅអធិការវត្តស្លែងព្រះនាម ហួ ចាន់ហេន មានថេរដីកា ថា ព្រះសង្ឃ វ៉ាន សុធា ពីមុនគង់នៅក្នុងវត្ត វល្លិយាវទេ បានមកសុំស្នាក់នៅក្នុងវត្តស្លែង មួយរយៈតែបន្ទាប់ពីមានបញ្ហាខាងលើមក ប្រហែលជាព្រះអង្គ និងគណៈម្មការវត្តមិនអនុញ្ញាតឲ្យគង់នៅតទៅទៀតនោះឡើយ។ នៅយប់កើតហេតុខាងលើព្រះអង្គក៏មិនបានគង់នៅក្នុងវត្តដឹងរឿងនោះដែរទើបមិនបានរាយការណ៍ឲ្យសមត្ថកិច្ច និងម្យ៉ាងទៀត មិនចង់ឲ្យមានបញ្ហានៅក្នុងវត្តផង ។
ចំណែកលោក លៀង កែវ មេប៉ុស្តិ៍នគរ បាលឃុំក្តីដូង ស្រុកកំពង់ស្វាយបានឲ្យដឹង ថា ព្រះសង្ឃ វ៉ាន សុធា ហៅម៉ាប់ គង់នៅវត្ត វល្លិយាវបន្ទាប់ពីមានបញ្ហាជាមួយព្រះចៅអធិការវត្តមកគណៈកម្មការក៏បានសម្រេចឲ្យលោកម៉ាប់ទៅគង់នៅវត្តស្លែង ហើយ នៅពេលកើតហេតុភ្លាមៗនោះគ្មានអ្នកណារាយការណ៍ ឬក៏ប្តឹងមកប៉ុស្តិ៍នោះទេ។
លោកទើបតែបានទទួលពាក្យបណ្តឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ពីអ៊ំស្រី កុមារារងគ្រោះ ហើយលោកក៏បានកោះហៅព្រះសង្ឃដៃដល់មកធ្វើកិច្ចសន្យាឲ្យ បញ្ឈប់អំពើហិង្សាតទៅទៀត។ បន្ទាប់ ពីបែករឿងដល់អ្នកសារព័ត៌មកលោកសង្ឃ វ៉ាន សុធា ហៅម៉ាប់ក៏ប្រញាប់រកលុយចំនួន ៤០ម៉ឺនរៀលទៅបង់ឲ្យខាងកុមារារងគ្រោះនៅថ្ងៃ២៦នេះតែម្តងកុំឲ្យមានរឿងវែង ឆ្ងាយ ៕ ប៊ុន រិទ្ធី