សង្ស័យក្រុមហ៊ុនសេងយ៉ាវ និងក្រុមហ៊ុនយ៉ូស៍យកប្រាក់កម្មករថ្នូរនឹងការងារនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មកកម្មការិនី ខណៈមានការសង្ស័យក្រុមហ៊ុនសហគ្រាសយីហោ សេងយ៉ាវ អេនធើប្រាយ និងក្រុមហ៊ុនយ៉ូស៍ (Yush Cambodia ENGIREEING Co .Ltd ) យកប្រាក់ពីកម្មករក្នុងម្នាក់ៗ ៤០ដុល្លារជាថ្នូរ នឹងការសម្ភាសជាប់ចូលបម្រើការងារជាកម្មករនិយោជិត។

ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីកម្មករ កម្មការិនីសម្ភាសជាប់ហើយយូរខែ មិនបានចូលបម្រើការងារ ទើបប្តឹងមកសមត្ថកិច្ចថា រដ្ឋបាលក្រុមហ៊ុនសេងយ៉ាវ អេនធើប្រាយ យកប្រាក់ពួកគេ ម្នាក់៤០ដុល្លារ ជាថ្នូរផ្តល់ការងារធ្វើ ដោយសម្ភាសជាប់ ក៏ប៉ុន្តែជាច្រើនខែមកហើយ មិនទាន់បានចូលធ្វើការ ពួកគេសង្ស័យថា ប្រធានរដ្ឋបាលក្រុមហ៊ុន សេងយ៉ាវបោកយកប្រាក់ពួកគេ ក៏បែកធ្លាយដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចុះធ្វើអធិការកិច្ចពិសេស កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារឹសស៍ នៅជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ទាក់ទិនករណីយកប្រាក់កម្មករនេះ លោកហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ពិតជាមានបញ្ហាយកប្រាក់កម្មករនិយោជិតប្រាកដមែន បើតាមក្រុមការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះទៅធ្វើអធិការកិច្ចពិសេស លើអធិការងារបានពិនិត្យឃើញថា ក្រុមហ៊ុនសេងយ៉ាវ អេនធើប្រាយ (SHANG YAW ENTERPRISE CO.LTD)បានប្រព្រឹត្តល្មើសច្បាប់ស្តីពីការងារ ចំនួន២ចំណុចគឺ៖

១, ក្រុមហ៊ុនពុំបានជូនដំណឹងមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង អំពីកន្លែងធ្វើការទំនេដែលមាននៅក្នុងសហគ្រាស ឬកន្លែងថ្មី ដែលសហគ្រាសត្រូវបញ្ចូលបុគ្គលិកបន្ថែមទៀត។

ទី២ ភ្នាក់ងារទទួលរកការងារក្រុមហ៊ុនយ៉ូស៍ ខេមបូឌា (YUS CAMBODIA ENGINEERING CO.LTD)ដែលមាននាយកឈ្មោះ HUANG ZHIYONG ភេទប្រុសអាយុ៣៣ឆ្នាំសញ្ជាតិចិន ដែលមានស្រុកកំណើតនៅប្រទេសចិន ដែលក្រុមហ៊ុនសេងយ៉ាវ អេនធើប្រាយបានសហការជាមួយដើម្បីជ្រើសរើសបុគ្គលិក គឺពុំបានចុះបញ្ជីការនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហាស ប៊ុនធី បន្តទៀតថា ក្រុមហ៊ុនសេងយ៉ាវ មានបណ្ណ័ប៉ាតង់ លេខ PT2017023362 អពដ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានម្ចាស់ឈ្មោះ YIN PINGLAN ភេទស្រី អាយុ៤៧ឆ្នាំ សញ្ជាតិចិន មានទីកន្លែងកំណើតនៅប្រទេសចិន និងមានទីលំនៅបច្ចប្បន្ន ផ្ទះលេខ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដែលមាននាយក ឈ្មោះ LIU YAOWU ភេទប្រុស អាយុ៤៨ឆ្នាំ មានទីកំណើតនៅប្រទេសចិន ដែលជាគ្រឹះស្ថានរបស់សហគ្រាស យីហោសេងយ៉ាវ អេនធឺប្រាយ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារឹសស៍ គ្រឹះស្ថានមានកម្មករនិយោជិតសរុប៤៨០នាក់ ស្រី២៥០នាក់ ក្នុងនោះមានសញ្ជាតិបរទេស១៥នាក់ ស្រី៥នាក់ និងចាប់ដំណើរការក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ។

ដោយឡែក ការធ្វើអធិការកិច្ចពិសេសនេះ គឺដើម្បីត្រួតពិនិត្យលើបញ្ហា ការជ្រើសរើសកម្មករនិយោជិតឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុន ខុសច្បាប់ការងារ ដោយក្រុមហ៊ុនតម្រូវឲ្យកម្មករមករកសុំការងារធ្វើ បង់ប្រាក់ក្នុង១នាក់ ចំនួន៤០ដុល្លារ។

លោកហាស់ ប៊ុនធី បន្តទៀតថា ក្រោយពីការសាកសួរ ក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនសេងយ៉ាវ អេនធើប្រាយ បានប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុនយ៉ុស៍ ខេមបូឌា អ៊ីនជីននើរីង ក្រុមហ៊ុនសាងសង់ជាអ្នកជ្រើសរើសកម្មករផ្គត់ផ្គង់ឲ្យ។

ការជ្រើសរើសកម្មរនិយោជិតបន្ថែម រហូតមកដល់ពេលនេះ បានចំនួន២៤០នាក់ ក៏ប៉ុន្តែមិនទាន់បានយកប្រាក់ពីកម្មករនិយោជិតទេ។

ក្រោយពីពិនិត្យ និងសាកសួរលើបញ្ជីជ្រើសរើសកម្មករនិយោជិតរួចមក ក្រុមអធិការកិច្ចនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើកិច្ចសន្យា ដាក់កំហិតឲ្យក្រុមហ៊ុនយ៉ូស៍ បញ្ឈប់សកម្មភាពនិយោជិតចាប់ពីពេលនេះតទៅ បើក្រុមហ៊ុនទាំងពីរមិនបញ្ឈប់សកម្មភាពទេនោះក្រុមការងារ និងចាប់ផាកពិន័យទៅតាមច្បាប់ការងារជាធរមាន ។

ពាក់ពន្ធ័ និងករណីនេះ នគរវត្តមិនអាចសុំការបំភ្លឺពីតំណាងរោងចក្រទាំង២បាននោះទេ នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print