សម្តេចក្រឡាហោមជំរុញឲ្យភូមិឃុំ(ស)កុំឲ្យមានគ្រឿងញៀនហូរចូល ទប់ស្កាត់ឲ្យបាន

ចែករំលែក៖

ខេត្តព្រៃវែង៖ ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅឯសាលប្រជុំកាកបាទក្រហមខេត្ត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអាជ្ញាធរភូមិឃុំត្រូវយកចិត្តទុកដាក់បញ្ហាគ្រឿងញៀនឲ្យបានខ្លាំងក្លាបំផុត កុំឲ្យវាបន្តរីកសាយភាយ និងទប់ស្កាត់កុំហូរចូលកន្លែងដែលមិនទាន់មានគ្រឿងញៀន ហើយរួមគ្នាលុបបំបាត់ឲ្យបាន។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងនូវប្រសាសន៍ធ្ងន់ទៅលើការរីកសាយភាយបញ្ហាគ្រឿងញៀន និងវាអាចរាតត្បាតទៅលើបញ្ហាដ៏ទៃគឺបង្កឲ្យមានល្បែងស៊ីសង អំពើហិង្សា ចោរកម្មក្នុងភូមិបង្កការភ័យខ្លាចដល់ពលរដ្ឋ។ ហេតុដូច្នេះស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់បញ្ហានេះ។

សម្តេចក៏បានជំរុញផងដែរដល់អាជ្ញាធរត្រូវចុះធ្វើការផ្សព្វផ្សាយដល់មូលដ្ឋានភូមិឃុំឲ្យលុបបំបាត់ និងឲ្យគាត់សហការជាមួយសមត្ថកិច្ចយើងចំពោះគ្រឿងញៀន និងចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទិ្ធក្នុងភូមិឃុំរបស់យើងឲ្យក្លាយជាតំបន់(ស)គ្មានគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ គ្មានទេគ្រោះថ្នាក់ចរាចរណ៍។

សម្តេចក៏បានដាក់ចេញនូវវិធានការណ៍លំបាត់គ្រឿងញៀនថា ភូមិ(ស) ឃុំ(ស)គ្មានគ្រឿងញៀន។ បើកាលណាមានគ្រឿងញៀនក្នុងភូមិ គឺកើតមានចោរលួច ឆក់ ប្លន់ ក្នុងភូមិឃុំ។

ក្នុងនោះសម្តេចក៏បានឲ្យអាជ្ញាធរលុបបំបាត់ផងដែរ ចំពោះជនបរទេសដែលកាន់កាប់ឯកសារមិនស្របច្បាប់ និងប្រមូលមកវិញនូវឯកសារទាំងនេះដោយសម្តេចតម្រូវឲ្យអាជ្ញាធរនូវឯកសារក្លែងក្លាយ ក្នុងន័យថាឯកសារក្លែងក្លាយគឺជាឯកសារដែលជនបរទេសនោះយកហត្ថលេខាពិតទៅCOPPYហើយប្រើខ្លឹមសារផ្សេង។ ចំណែកឯកសារមិនប្រក្រតីគឺជាឯកសារពិតមិនក្លែងក្លាយទេ ក៏ប៉ុន្តែវាចេញខុសសមត្ថកិច្ច។ សម្តេចបានលើកជាឧទាហរណ៍ថា អ្នកនោះជាជនបរទេសសោះ តែកាន់អត្តសញ្ញាណប័ណ្ណខ្មែរ នេះហើយគេហៅមិនប្រក្រតី។ សម្តេចក៏បានបញ្ជាក់ឲ្យដឹងដែរថា អ្នកដែលចូលសញ្ជាតិបានគឺមានតែប្រមុខរដ្ឋទេ ដែលអាចឲ្យចូលសញ្ជាតិបាន និងព្រះមហាក្សត្រតែប៉ុណ្ណោះ។ តែយើងអនុញ្ញាតឲ្យស្នើសុំជាជនអន្តោប្រវេសន៍ស្របច្បាប់បាន។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់អស់លោកមន្ត្រីមូលដ្ឋានថា យើងពាក់ស្បែកជើងប៊ូល ស្បែកជើងឃ្វា អាវធំក្រវ៉ាតកបាន តែឲ្យមានពេលពាក់ស្បែកជើងផ្ទាត់ មូលជើងខោ ចុះមូលដ្ឋានដោយផ្ទាល់សួរសុខទុក្ខប្រជាពលរដ្ឋ ចេះឈឺឆ្អាល ពលរដ្ឋយើងផង។

ដោយឡែកលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងក៏បានលើកឡើងនៅក្នុងអង្គពីធីបិទសន្និបាតថា ការរីចំរើននៃវិស័យសំខាន់ៗមួយចំនួនរបស់ខេត្ត និងអំពីលទ្ធផលនៃដំណើរការអង្គសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ និងទទួលបានការគាំទ្រជួយឧបត្ថម្ភពីបណ្តាក្រសួង សាប័នថ្នាក់ជាតិ ពិសេសការចង្អុលបង្ហាញណែនាំ និងដឹកនាំផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបានខិតខំប្រមូលម្តុំគំនិត ស្មារតីដឹកនាំ អភិវឌ្ឍន៍ទទួលបានលទ្ធសម្រេចគួរជាទីមោទនៈ។

លោកអភិបាលខេត្តព្រៃវែងបន្តថា អង្គសនិ្នបាតទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ប្រកបដោយក្តីមោទនភាព ចំពោះលទ្ធផលការងារដែលសម្រេចបាន ហើយក៏បានឯកភាពទៅលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨បន្តទៀត។ ទន្ទឹមនឹងនេះអង្គសន្និបាតទាំងមូលមានការចាប់អារម្មណ៍អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់រួមមាន៖ ការផ្តល់ និងការបំរើសេវាលើគ្រប់ផ្នែក ជូនប្រជាពលរដ្ឋ អភិបាលកិច្ចនៅតាមមន្ទីរ អង្គភាព និងថ្នាក់រដ្ឋបាលមួយចំនួន ត្រូវបន្តធ្វើការលើកម្ពស់ ការអនុវត្ត និងការទទួលខុសត្រូវបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print