ចុះអូសកំប្លោកនិងបង់សំណាញ់ជួបក្រពើធំ ១ក្បាលក្នុងទឹកអូរតាគឹមរត់បាតជើងសព្រាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រកាត់ ដេរម្នាក់ឆ្លៀតពេលទំនេរ បានទៅអូស កំប្លោករកត្រីនិងបង់សំណាញ់យកត្រីធ្វើ ម្ហូបនៅក្នុងអូរតាគឹម ស្រាប់តែជួបក្រពើធំ១ក្បាលបង្ហាញខ្លួននៅក្នុងទឹកអូរនេះព្រមទាំងបម្រុងចាប់គាត់ស៊ីជាចំណីថែមទៀតផង ។ ប៉ុន្តែពេលនោះគាត់បានរត់ចោល សំណាញ់មួយនៅមាត់អូររហូតអ្នកភូមិ ភ្ញាក់ផ្អើលរត់ទៅមើលទើបគាត់ហ៊ានទៅ យកសំណាញ់ ចំណែកក្រពើបានហែល ចូលទៅក្នុងកំប្លោកបាត់ ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលលើក ទី១កាលពីវេលាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅក្នុង អូរតាគឹម ដែលមានទីតាំងស្ថិតនៅក្នុងភូមិឪឡោក សង្កាត់ ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ការភ្ញាក់ផ្អើលជាលើកទី២ទៀតនៅថ្ងៃទី៣០ ខែមករាហើយអាជ្ញាធរបានឲ្យប្រជាការពារនាំអ្នកជំនាញចាប់ក្រពើ ទៅកាន់ ទីនោះដើម្បីចាប់ក្រពើនោះយកទៅដាក់នៅសួនសត្វផងដែរ ប៉ុន្តែពេលទៅដល់រក​ក្រពើ​មិនឃើញឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា ទីនោះពិតជាមានក្រពើមែនហើយព្រោះនៅចុង ឆ្នាំ២០១៧និងដើមឆ្នាំ២០១៨នេះត្រូវបានអ្នកនេសាទត្រីក្នុងអូរខាងលើចាប់បានកូនក្រពើចំនួន៣ក្បាលមកហើយ ។ ជាក់ស្ដែងកាលពី១អាទិត្យមុននេះចាប់បាន១ក្បាលមានទម្ងន់ជាង១៣គីឡូក្រាម បន្ទាប់មកអ្នកនេសាទបានយកវាទៅលក់បាត់ហើយ ។ ចំណែកក្រពើដែលបង្ហាញខ្លួននាពេល នេះគឺសង្ស័យជាមេក្រពើតែម្ដងព្រោះវា ធំណាស់ ។

ដោយឡែកខាងប្រជាការពារភូមិបាននាំអ្នកជំនាញខាងចាប់ក្រពើចុះទៅកាន់ ទីនោះដើម្បីចាប់ក្រពើយកទៅដាក់ សួនសត្វ ប៉ុន្តែពេលទៅដល់ មិនបានឃើញទេ ដោយ សង្ស័យវាមានរូងឬក៏សម្ងំលាក់ខ្លួននៅក្នុង កំប្លោក។បន្ទាប់ មកក៏បានដកថយសិនរង់ចាំវាបង្ហាញខ្លួនលើកក្រោយទៀតនឹងចាប់តែម្ដង ដើម្បីកុំឲ្យវាយាយីដល់អ្នកភូមិ ។ ជា មួយគ្នានេះដែរប្រជាការពារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នផ្អាកការនេសាទត្រី ឬចុះទៅមុជទឹកអូរនោះជាបណ្ដោះអាសន្នដោយរង់ចាំចាប់ក្រពើនេះបានសិន ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print