ខេត្តមណ្ឌលគិរី៖ ស្នូរកាំភ្លើងអាកាបាន ផ្ទុះឡើងជាច្រើនគ្រាប់(មិនតិចជាង១០គ្រាប់) បានកើតឡើងនៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍អូរ រលែ ក្នុងភូមិសាស្ដ្រភូមិពូហ្សាម ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីបានបណ្ដាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅ ក្នុងមន្ទីរពេទ្យដែលក្នុងនោះរួមមាន មន្ដ្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រី ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីម្នាក់ និងបុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ Worldlife Conservation Society (WCS)ម្នាក់ជាប្រធានបទយ៉ាងក្តៅគគុកក្នុងករណីបង្រ្កាបបទល្មើសព្រៃឈើ ។
ការបាញ់ប្រហារនេះធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនិងសមត្ថ កិច្ចជំនាញនៅតាមអង្គភាពនានាប្រញាប់ ប្រញាល់រួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុដែលស្ថិតនៅក្នុងព្រៃចម្ងាយមិនដល់កន្លះគីឡូ ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម ។
គេនៅមិនទាន់ដឹងពីមូលហេតុពិត ប្រាកដដែលបណ្ដាលឲ្យមានការបាញ់ ប្រហារយ៉ាងខ្លាំងដោយផ្ដើមចេញពីសមត្ថកិច្ចខាងណាឲ្យពិតប្រាកដនោះទេ ខណៈ ដែលសមត្ថកិច្ចជំនាញដាក់ការសង្ស័យជាជំហានដំបូងថាកើតឡើងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនោះ ។
យ៉ាងណាបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងគណៈកម្មការទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការមួយ នេះបានធ្វើដំណើរចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីបើកការស្រាវជ្រាវរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធរហូត ស្លាប់មនុស្សយ៉ាងដូច្នេះ ប៉ុន្ដែលទ្ធផលយ៉ាងណានោះមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ ។
នាយកដែនជម្រកសត្វព្រៃសីមាលោក ឌិន ប៊ុនធឿន បានឲ្យដឹងថា រឿងហេតុដំបូង ដែលបានកើតឡើងនោះគឺមានជនរងគ្រោះសរុប៤នាក់ទាំងមន្ដ្រីកងរាជអាវុធហត្ថទាំងមន្ដ្រីឧទ្យានុរក្សរបស់លោកទាំងបុគ្គលិក អង្គការ WCS និងអ្នកភូមិម្នាក់ទៀតជិះម៉ូតូ ២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេលនោះពួកគេបានពើបជាមួយជនជាតិវៀតណាមមួយក្រុមប្រដាប់ដោយរណារយន្ដ កាំបិត និងពូថៅកំពុងប្រព្រឹត្តបទល្មើសព្រៃឈើក្នុងតំបន់ខាងលើ ។
ពេលឃើញបទល្មើសបែបនេះពួកគេ ទាំង៤នាក់ក៏បានរាយការណ៍មកលោក ដែលជានាយកដែនជម្រកសត្វព្រៃសីមាតែលោកបានប្រាប់ទៅវិញថា គ្នាតិចដូច្នេះ ឲ្យត្រឡប់មកវិញសិនដើម្បីយកកម្លាំងទៅថែមឈានទៅដល់ការបង្ក្រាប។ នៅពេល ដែលជនរងគ្រោះទាំង៤នាក់បើកម៉ូតូចេញមកវិញមិនទាន់ដល់ភូមិផងក៏រងការបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងភូមិ ។
ទោះជាយ៉ាងណាលោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់ និងមិនហ៊ានអធិប្បាយថា អ្នកបាញ់ប្រហារនោះជានរណាឡើយបើទោះបីព័ត៌មានខ្លះបានឲ្យដឹងថា ជានគរ បាលការពារព្រំដែននិងយោធាការពារព្រំដែននៅតំបន់នោះក៏ដោយ ។
ចំណែកមន្ដ្រីជាន់ខ្ពស់ម្នាក់នៅខេត្តមណ្ឌលគិរីដែលសុំមិនបញ្ចេញឈ្មោះបាន លួចបង្ហើបឲ្យដឹងថា មុនពេលកើតហេតុមន្ដ្រី កងរាជអាវុធហត្ថមន្ដ្រីបរិស្ថាននិងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតក្នុងព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើពេលនោះនាយនគរបាលប៉ុស្ដិ៍អូររលែចំណុះឲ្យ វរនគរបាលការពារព្រំដែនគោកនៃស្នងការ ដ្ឋាននគរបាលខេត្តមណ្ឌលគិរីលេខ៦២១ បានចេញមកជួបក្រុមមន្ដ្រីទាំងនេះអាច សង្ស័យថា មកចរចានិងនិយាយគ្នាពាក់ ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ ។
សមត្ថកិច្ចជាន់ខ្ពស់រូបនេះបានបញ្ជាក់ ទៀតថា ដោយសារតែការចរចានិងនិយាយ គ្នាមិនត្រូវរហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ ។
សមត្ថកិច្ចដដែលនេះក៏បានបញ្ជាក់ ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ ។
ការបញ្ជាក់យ៉ាងដូច្នេះក៏វាត្រូវជាមួយ នឹងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដាក់ជូនទៅនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរ បាលជាតិដែលថា ករណីផ្ទុះអាវុធនេះបង្ក ឡើងដោយលោក ផល ពេញ បូករួមទាំង ឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។
ចំណែករបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌខេត្តមណ្ឌលគិរីវិញ បានបញ្ជាក់ថា ករណីនេះជាអំពើឃាតកម្ម គិតទុកជាមុនបណ្ដាលឲ្យស្លាប់មនុស្ស៣ នាក់រួមមាន ទី១-ឈ្មោះ សេក វឌ្ឍនា ជា មន្រ្តីកងរាជអាវុធហត្ថ(ស្លាប់), ទី២- ឈ្មោះ តើន សុខណៃ ជាមន្រ្តីឧទ្យានុរក្សនៃមន្ទីរ បរិស្ថាន (ស្លាប់) និងទី៣-ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការ WCS បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រីឯអ្នកភូមិ ម្នាក់បានរត់ពីការបាញ់ប្រហារនេះរួចខ្លួន។
បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សេក វឌ្ឍនា មានស្នាមរបួសដោយគ្រាប់ កាំភ្លើងបាញ់ត្រូវ៣គ្រាប់, ជនរងគ្រោះឈ្មោះ តើន សុខណៃ ត្រូវគ្រាប់កាំភ្លើងចំនួន៣ គ្រាប់ ស្លាប់នៅនឹងកន្លែង។ ដោយឡែកជន រងគ្រោះឈ្មោះ ថុល ខ្នា ត្រូវមួយគ្រាប់ចំពោះធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមក ដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួន២សំបកផងដែរ ។
គណៈកម្មការចម្រុះពិសេសមួយត្រូវ បានបង្កើតឡើងភ្លាមៗដើម្បីចុះស៊ើបអង្កេត លើករណីបាញ់សម្លាប់ជនរងគ្រោះចំនួន ៣នាក់ក្នុងខេត្តមណ្ឌលគិរី ជិតព្រំប្រទល់ កម្ពុជា-វៀតណាមដែលបង្កឡើងដោយ មន្ត្រីនគរបាលនិងមន្ត្រីយោធាការពារព្រំដែនសង្ស័យពាក់ព័ន្ធទំនាស់ផលប្រយោជន៍រឿងបទល្មើសកាប់បំផ្លាញព្រៃឈើក្នុង តំបន់អភិរក្សធនធានធម្មជាតិសីមា ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ក្រុម ការងារគណកម្មការចម្រុះខាងលើក្រោមការបញ្ជាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំង បរិស្ថាន និងយោធាផងដែរ ។
ប្រភពបានបន្តទៀតថា គណៈកម្មការ ពិសេសនេះត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីកើតមានករណីឃាតកម្មបាញ់ សម្លាប់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីបរិស្ថាន និងសកម្មជនការពារព្រៃឈើ ដែលបានកើតមានឡើងកាលពីវេលា ម៉ោងចន្លោះ៤-៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្នុងតំបន់ការពារដែនជម្រក សត្វព្រៃសីមា ស្ថិតនៅចម្ងាយប្រមាណ ជាង២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តភូមិពូ ហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី ។
ចំពោះមូលហេតុនៃការបាញ់សម្លាប់ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន និង មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនេះមុនពេលកើតហេតុក្រុមជនរងគ្រោះបានចាប់យក ម៉ូតូដឹកឈើជនជាតិវៀតណាមនិងម៉ាស៊ីនត្រង់សឺន័រអាឈើ។ បន្ទាប់ពីចាប់រួចក្រុម ជនរងគ្រោះបានជិះម៉ូតូដឹកវត្ថុតាងដើម្បីយកទៅស្នាក់ការរក្សាទុក។ ខណៈនោះស្រាប់តែមានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ហើយបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំ ពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា ក្រុមការងារកងរាជអាវុធហត្ថ១ ក្រុមដឹកនាំដោយមេបញ្ជាការរងកងរាជ អាវុធហត្ថគឺលោកឧត្តមសេនីយ៍ឯក ហុង វិណុល បានចុះទៅខេត្តមណ្ឌលគិរីដើម្បីស្រាវជ្រាវជុំវិញហេតុការណ៍បាញ់ប្រហារ សម្លាប់មន្ត្រីកងរាជអាវុធហត្ថនៅក្នុងព្រៃព្រំដែននោះ ប៉ុន្តែជាលទ្ធផលមិនទាន់ទទួល បាននៅឡើយទេ ។
លោក ម៉ម វាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានដឹកនាំសម្របសម្រួលកម្លាំង ចម្រុះចុះធ្វើការងារនេះបានប្រាប់កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ថា ក្រោយហេតុការណ៍បាញ់ ប្រហារលោកបានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុទាំងយប់ (យប់ថ្ងៃទី៣០ ខែ មករា) ដោយបានពិនិត្យសពជនរងគ្រោះ និងដកហូតវត្ថុតាងមួយចំនួន។ ក្នុងនោះ កម្លាំងចម្រុះក៏បានរកឃើញសំបកគ្រាប់ កាំភ្លើង២គ្រាប់នៅកន្លែងកើតហេតុ តែ ករណីនេះបាញ់ច្រើនគ្រាប់ ហើយកម្លាំង ចម្រុះកំពុងសាកសួរសាក្សីនិងប្រមូលភស្តុតាងបន្ថែមទៀត ។
រដ្ឋមន្ដ្រីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិត ចូលរួមរំលែកទុក្ខដោយសោកស្ដាយជូន ចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់រួមមាន មន្ត្រីកង រាជអាវុធហត្ថលើផ្ទៃប្រទេស មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS ដែលស្លាប់បាត់ បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុច ប៉ុស្ដិ៍អូររលែ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
យោងតាមលិខិតចូលរួមរំលែកទុក្ខ៣ ច្បាប់នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងបរិស្ថានទាំងអស់សូមសម្ដែងការសោកស្ដាយស្រណោះអាឡោះអាល័យ ក្រៃលែង និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ក្ដុកក្ដួលរកទីបំផុតគ្មានជាមួយ ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរង គ្រោះទាំង៣នាក់ ។
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នោះដែរសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឥតឧបមាជូនចំពោះក្រុមគ្រួសារ និង សាច់ញាតិសពជនរងគ្រោះទាំង៣នាក់ រួមមាន មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស មន្ដ្រី បរិស្ថាន និងបុគ្គលិកអង្គការ WCS ដែល ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធនៅចំណុចប៉ុស្ដិ៍អូររលែ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃបានថ្លែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ថា គណៈកម្មការពិសេសមួយ ដែលត្រូវបង្កើតឡើងភ្លាមៗបន្ទាប់ពីមាន ករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្ស ៣នាក់នៅខេត្តមណ្ឌលគិរីដែលស្ថិតក្រោមការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃកំពុងតែចុះត្រួតពិនិត្យ និងស្រាវជ្រាវលើករណីនេះប៉ុន្តែមិនអាចអត្ថាធិប្បាយ បានទេ ព្រោះក្រុមការងារកំពុងស៊ើបអង្កេតជុំវិញរឿងរ៉ាវនេះ ។
បើទោះជាអំពើឃាតកម្មបាញ់ប្រហារដ៏សាហាវយង់ឃ្នងពីសំណាក់យោធា និង នគរបាលការពារព្រំដែន ក្នុងនោះមានទាំងឈ្មោះយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ ក៏នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ច អាជ្ញាធរជំនាញជាមួយនឹងគណៈ កម្មការជាតិបង្ក្រាបបទល្មើសធនធានធម្ម ជាតិមិនទាន់បង្ហើបឲ្យដឹងពីលទ្ធផលនៃ ការស៊ើបស្រាវជ្រាវតម្រុយពិរុទ្ធភាពនៃជនដៃដល់នៅឡើយទេ។ ករណីនេះត្រូវបាន ប្រភពគួរឲ្យទុកចិត្ត ហើយស្រដៀងគ្នានឹងមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថា មុនពេល កើតហេតុបាញ់ប្រហារ គេបានឃើញវត្តមានលោកមេបញ្ជាការវរៈការពារព្រំដែនគោកលេខ៦២១ មានវត្ត មាននៅទីនោះនិយាយជាមួយមន្ត្រីកង រាជអាវុធហត្ថ មន្ត្រីបរិស្ថាន មន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋម្នាក់ទៀត។ គេពុំដឹងថា ការពិភាក្សាឬចរចាគ្នាជុំវិញរួមគំនិតណាមួយដើម្បីបិទបាំងបទល្មើសព្រៃឈើឬយ៉ាងណានោះទេ។ ដូច្នេះអាចមិនត្រូវរ៉ូវគ្នាទើបជាការបាញ់សម្លាប់ដល់ជន រងគ្រោះទាំង៣នាក់ដើម្បីបញ្ចៀសព័ត៌មានទាំងនេះបែកការណ៍អំពីសកម្មភាពអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ឈើ ក្នុងទឹកដីខ្មែរដូចដែលបានបង្ក្រាបកន្លងទៅនៅតំបន់អូរហ៊ុច ។
គួររំលឹកថា មេនគរបាលវរៈការពារព្រំដែនគោកលេខ៦២១លោក ឡេង សោ ភណ្ឌ កន្លងទៅបានជាប់ពាក់ព័ន្ធទៅនឹងបទ ល្មើសអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកាប់ផ្តួលរំលំឈើក្នុងតំបន់អូរហ៊ុចដើម្បី ដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម។ ក្នុង នោះលោក ឡេង សោភណ្ឌ ក៏បានជួល រថយន្តពីវៀតណាមយ៉ាងតិច៣គ្រឿង ប្រភេទកែច្នៃ និងរថយន្តប៉ាកុងសម្រាប់ជាមធ្យោបាយដឹកជញ្ជូនឈើហុបជាមួយ ឈ្មួញវៀតណាមទាំងនោះយ៉ាងគឃ្លើន។ មិនតែប៉ុណ្ណោះលោក ឡេង សោភណ្ឌ ថែម ទាំងយកលុយពីថៅកែវៀតណាមដើម្បីរត់ការទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័នក្នុងការកាប់បំផ្លាញព្រៃឈើដឹកទៅប្រទេស វៀតណាមពីតំបន់អូរហ៊ុច ។
លោក ឡេង សោភណ្ឌ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តមណ្ឌលគិរី ក្រោយមកប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តមណ្ឌលគិរីមកសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែ ដោយអំណាចទឹកប្រាក់លោក ឡេង សោ ភណ្ឌ បានប្រើប្រាស់អ្នកមានតួនាទីបង្ក្រាបបទល្មើសនិងចុះធ្វើការក្នុងសំណុំរឿងនេះសុទ្ធតែផ្កាយៗនៅក្រសួងមហាផ្ទៃទើបធ្វើឲ្យលោករួចខ្លួន ហើយមានមុខសាជាថ្មីទៅ ចរចាជនរងគ្រោះមុនពេលត្រូវបានបាញ់សម្លាប់ដោយយោធានិងនគរបាលវរៈការពារព្រំដែនដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួន ។
ចំណុចនេះការស៊ើបអង្កេតរបស់សមត្ថកិច្ចអាចមានតម្រុយយ៉ាងច្បាស់ប្រសិនបើហៅប្រជាពលរដ្ឋម្នាក់ដែលបានគេចខ្លួនពីគ្រាប់កាំភ្លើងរត់ចូលក្នុងភូមិនិងរួចពីសេចក្តីស្លាប់ និងកោះហៅលោក ឡេង សោភណ្ឌ ការស៊ើបអង្កេតរបស់ សមត្ថកិច្ចហាក់បង្ហាញឲ្យឃើញពិរុទ្ធ ភាពក្រុមជនដៃដល់យ៉ាងច្បាស់ ដើម្បីដាក់ទោសទណ្ឌតាមច្បាប់ ៕ សុខ ខេមរា
