ភ្នំពេញ៖ សហការី បុគ្គលិក នៅតាមបណ្តារាជធានី ខេត្ត និងបុគ្គលិក ថ្នាក់ដឹកនាំនៅក្នុងមជ្ឈមណ្ឌលព័ត៌មាននគរវត្ត កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បានមកជួបជុំគ្នាអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី៩ ការចេញផ្សាយ កាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត គេហទំព័រនគរដ្រេហ្គន នៃមជ្ឈមណ្ឌលព័ត៌មាននគរវត្ត នៅទីស្នាក់ការធំ ផ្លូវលេខ១១១ ភូមិទំនប់ទឹក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រកបដោយបរិយាកាសសប្បាយរីករាយ ។
ក្នុងពិធីនេះផងដែរ ថ្នាក់ដឹកនាំ ក៏បានលើកឡើងការរីកចម្រើននៅក្នុងអង្គភាពមកទល់នឹងថ្ងៃនេះ គឺផ្តើមចេញពីសហការី បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់ មានការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ ផលិតនូវព័ត៌មានទាន់ហេតុការណ៍ ទាំងព័ត៌មានជាតិ អន្តរជាតិ ក៏ដូចជា ការផលិតនូវព័ត៌មានផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច សិល្បៈ អចលនទ្រព្យ កីឡា ជាមួយនឹងការទទួលយកនូវព័ត៌មានពីគ្រប់មជ្ឈដ្ឋាន តាមរយៈលិខិតមិត្តអ្នកអាននេះជាដើម ។
លោកទូច គង្គា ទីប្រឹក្សាមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាឆ្លងកាត់នូវការតស៊ួយ៉ាងលំបាកជាមួយនឹងភាពត្រជាក់ក្តៅ សម្តីតូច សម្តីធំ រស់នៅជាមួយគ្នា ប៉ុន្តែពួកយើង ពិតជាមានឆន្ទៈ និងស្មារតីទទួលខុសត្រូវ ផលិតបាននូវព័ត៌មានពិតពីសង្គម ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីផ្តល់ និងចែករំលែកព័ត៌មានពិតទាំងនេះ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិទៅកាន់ប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសឲ្យបានដឹង ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្រៅប្រទេសនេះជាដើម ។
លោកទីប្រឹក្សាបានរំលឹកថា យើងត្រូវផលិតព័ត៌មានឲ្យមានភាពទទួលខុសត្រូវច្បាស់លាស់ ឲ្យក្លាយទៅជាផលិតផលសម្រេច មានន័យថា ព័ត៌មាន មានគ្រប់ជ្រុងជ្រោយ ដកស្រង់ពីប្រភពច្បាស់លាស់ ចៀសវាង មានករណីចន្លោះប្រហោង គ្រាន់តែទទួលដំណឹង ឬព័ត៌មាន មិនបានចុះទៅកាន់កន្លែងកើតហេតុ មិនបានធ្វើការសម្ភាសន៍សួរនាំទៅកាន់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ អាចធ្វើឲ្យដំណឹងនេះ ក្លាយជាព័ត៌មានមិនច្បាស់លាស់ ដូច្នេះ ដើម្បីប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ យើងត្រូវផលិតព័ត៌មានពីផលិតផលឆៅ ឲ្យទៅជាផលិតសម្រេច ដូចអ្វីដែលយើងបាននិងកំពុងធ្វើ ទទួលជោគជ័យក្នុងរយៈពេល៩ឆ្នាំរួចមកហើយនេះ។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី៩ ការផ្សាយកាសែត ទស្សនាវដ្តី គេហទំព័រនគរវត្ត គេហទំព័រនគរដ្រេហ្គន រោងពុម្ពព្រះនរាយណ៍ នៃមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ក៏បង្ហាញឲ្យឃើញពីភាពស្និទ្ធស្នាលរវាងសហការី បុគ្គលិក ថ្នាក់ដឹកនាំប្រកបដោភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ក្នុងនោះក៏មានការរាំរែក សប្បាយរីករាយ ជាមួយនឹងការផ្តល់រង្វាន់លើកទឹកចិត្តចំនួន១០រូបផងដែរ។ ដូច្នេះ ថ្នាក់ដឹកនាំក៏បានផ្តាំផ្ញើឲ្យសហការី បុគ្គលិកទាំងអស់បន្តបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយការសហការសាមគ្គីឲ្យមានការវិវឌ្ឍន៍ ក៏ដូចជាប្រណាំងប្រជែងទីផ្សារផ្នែកផលិតព័ត៌មានតាន់ហេតុការណ៍ជាមួយនឹងបច្ចេកទេសដ៏ទំនើបក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយការខិតខំរបស់អស់លោកអ្នក ក៏ត្រូវបានថ្នាក់ដឹកនាំតាមដានដើម្បីជាការលើកទឹកចិត្តបន្តទៀតសម្រាប់បុគ្គលិក និងថ្នាក់ដឹកនាំឆ្នើមសម្រាប់ទទួលរង្វាន់លើកទឹកចិត្តក្នុងដំណាច់ឆ្នាំ២០១៨បន្តទៀត៕
ដោយ៖ សុខ ខេមរា